តៃវ៉ាន់ ៖ បារម្ភពីការសម្លក់សម្លឹងដែលនៅតែប៉ុនប៉ងចង់លេបយកតៃវ៉ាន់របស់សាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ដែលទើបតែទទួលបានព័ត៌មានពីផ្ទៃក្នុងចិន បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះ ថា ទីក្រុងប៉េកាំងនឹងបង្កើនសម្ពាធផ្នែកការទូតមកលើ ខ្លួនក្នុងគោលដៅលេបយកតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជាប់ជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តចិន សម្រាប់អាណត្តិទី៣ ប្រកបដោយឥទ្ធិពល។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខការទូតតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) បាននិយាយថា វាអាចទៅរួចដែលស្ថានការណ៍ការទូតរបស់យើងនឹងកាន់តែយ៉ាប់យ៉ឺនឡើង ដោយចិននឹងរិះរកគ្រប់មធ្យោបាយដាក់សម្ពាធ។ យើងទទួលបានព័ត៌មានគួរឱ្យបារម្ភមួយចំនួនពីការប៉ុនប៉ងមិនល្អរបស់ចិន ប៉ុន្តែយើងនៅតែសង្ឃឹមថា ទំនាក់ទំនងការទូតរបស់យើងនឹងមិនទទួលរងឥទ្ធិពលដោយសារចិនឡើយ។
លោក ចូសេព វូ បានបញ្ជាក់ដោយពង្រឹងគោលជំហរថា ទោះជាយ៉ាងណា ស្ថានទូត និងបេសកកម្មការទូតរបស់យើងទាំងអស់កំពុងត្រៀមខ្លួនជាប់ជានិច្ចដើម្បីដោះស្រាយបញ្ហា, យើងនឹងផ្ទៀងផ្ទាត់ព័ត៌មានបន្ថែម ហើយចាត់វិធានការដើម្បីពង្រឹងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំជាមួយគ្រប់បណ្ដាប្រទេសទាំងអស់។ បច្ចុប្បន្ន មានប្រទេសចំនួន១៤ ដែលនៅភ្ជាប់ទំនាក់ទំនងការទូតល្អជាមួយតៃវ៉ាន់ ប៉ុន្តែភាគច្រើនសុទ្ធតែជាប្រទេសដីកោះតូចៗប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ស៉ី ជិនពីង ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បោះឆ្នោតជ្រើសរើសឱ្យបន្តធ្វើជា អគ្គលេខាធិការបក្សដដែលសម្រាប់អាណត្តិទី៣ នាំឱ្យលោកក្លាយជាមេដឹកនាំ ដែលមានឥទ្ធិពលបំផុតរបស់ប្រទេសចិន គិតចាប់តាំងពី លោក ម៉ៅ សេទុង មក។
ទីក្រុងប៉េកាំងប្រកាន់ជំហរយ៉ាងរឹងមាំជាប់ជានិច្ចថា តៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន ហើយបានប្តេជ្ញានឹងបង្រួបបង្រួមគ្នាឡើងវិញ ទោះជាត្រូវ ប្រើកម្លាំងយោធាក៏ដោយ ប្រសិនបើចាំបាច់។ ជាច្រើនឆ្នាំកន្លងមកនេះ ចិនបានចំណាយពេលបញ្ចុះបញ្ចូលសម្ព័ន្ធមិត្ត ការទូតរបស់តៃវ៉ាន់ ឱ្យផ្តាច់ចំណងទាក់ទងជាមួយទីក្រុងតៃប៉ិ ហើយងាកទៅរកខ្លួនវិញ។
គេបានកត់សម្គាល់ថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ បានកើនឡើងខ្លាំងកាលពីខែសីហា បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើ សមយុទ្ធយោធា ទ្រង់ទ្រាយធំមិនធ្លាប់ មានពីមុនមក ដើម្បីឆ្លើយតបចំពោះការបំពេញទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណេនស៊ី ផេឡូហ្ស៊ី លើទឹកដីកោះតៃវ៉ាន់។ បន្ថែមពីនេះ ទីក្រុងប៉េកាំងតែងតែចេញមុខរិះគន់ ចំពោះសកម្មភាពការទូតទាំងឡាយ ដែលអាចផ្តល់ការទទួលស្គាល់ជាអន្តរជាតិដល់តៃវ៉ាន់ ហើយបានឆ្លើយតបដោយការខឹងសម្បាជានិច្ច ចំពោះដំណើរទស្សនកិច្ច របស់ក្រុមអ្នកនយោបាយលោកខាងលិច នៅទីក្រុងតៃប៉ិ ពោលគឺ មិនចង់ឱ្យទីក្រុងនៃទឹកដីកោះមួយនេះ ទទួលបានសេរីភាពជាឯករាជ្យ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














