Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សម្ពោធជាផ្លូវការ នាំចេញមៀនស្រស់ ទៅកាន់ទីផ្សារចិន

ភ្នំពេញ៖ ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារចិនជាផ្លូវការ បានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងលោក វ៉ាង វិនធាន ឯកអគ្គ​រដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ បើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក។ ប៉ុន្តែការនាំចេញជាលើកដំបូង អាចនឹងធ្វើឡើងនៅខែវិច្ឆិកា ដោយរង់ចាំការប្រមូលផលរបស់កសិករសិន។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ការសម្រេចបានសិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការ ទៅកាន់ប្រទេសចិន គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់កម្ពុជា។ នេះគឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូតចេញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិន ក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឱ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ឯកឧត្តម បន្តថា លោកសម្តែងនូវការសាទរ ចំពោះសមាគមកសិកម្មមៀនប៉ៃលិនទាំង៧៤ចំការ ដែលទទួលបានទីផ្សារនាំចេញធំទូលាយ ប្រកបដោយសក្តានុពល និងចំពោះក្រុមហ៊ុនទាំង៨ ដែលទទួលបានសិទ្ធិវេចខ្ចប់ និងនាំចេញជាផ្លូវការទីកាន់ប្រទេសចិន។

ឯកឧត្តម បន្តថា កម្ពុជានឹងបើកការចរចា ដើម្បីបើកទីផ្សារប្រទេសចិន សម្រាប់ការនាំចេញកសិករកម្ពុជាផ្សេងទៀត ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកក្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូកជាដើម។

លោក វ៉ាង វិនធាន បានថ្លែងថា ផ្លែមៀន គឺជាកសិផលប្រភេទទី៣របស់កម្ពុជា ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោតនៅក្នុងឆ្នាំនេះ។ ការប្រារព្ធពិធីសម្ពោធនាំចេញនាពេលនេះ ដើម្បីធ្វើជាសាក្សីនៃការនាំចេញផ្លែមៀនរបស់កម្ពុជា ទៅកាន់ប្រទេសចិន ដោយជោគជ័យដែលនេះ គឺជាសមិទ្ធផលសំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងចិន និងកម្ពុជា ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ ។ សមិទ្ធផលនេះនឹងនាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា៕

×