ភ្នំពេញ៖ បើតាមការឲ្យដឹង មកល់ពេលនេះ ការតភ្ជាប់បណ្តាញប្រព័ន្ធទុយោមេ គ្រប់ដណ្តប់របស់ខេត្តកែប បានពី ៨០ ទៅ៩០% ខណៈដែលប្រជាពលរដ្ឋទើបប្រើប្រាសទឹកស្អាតរង្វង់ពី៤០ ទៅ៥០ភាគរយប៉ុណ្ណោះ។ ចំនួនប្រើប្រាស់នេះ ដោយសារបណ្តាលមកពីកត្តាផ្សេងៗ។

មន្ត្រីរាជការនៅខេត្តកែប បានបញ្ជាក់ថា ខេត្តកែប មានក្រុមហ៊ុនឯកជនពីរ បានផ្គត់ផ្គង់ទឹកស្អាត ដោយក្រុមហ៊ុនមួយ សម្រាប់ទឹកស្អាតនៅក្រុងកែប និងមួយទៀតសម្រាប់ផ្គត់ផគង់នៅស្រុកដំណាក់ចង្អើរ។

លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត បានប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកែបចាប់ផ្តើមមានទឹកស្អាត់ប្រើប្រាស់នៅឆ្នាំ២០២០ ដោយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួនពីរ មួយសម្រាប់ក្រុងកែប និងក្រុមហ៊ុនមួយទៀតស្រុកដំណាក់ចង្អើរ។ ហើយមកដល់ពេលនេះ ពលរដ្ឋក្រុងកែបបានប្រើប្រាស់ទឹកស្អាត៤០ ទៅ៥០ភាគរយ ។

លោក បានបញ្ជាក់ថា ការផ្គត់ផ្គងទឹកស្អាតនៅខេត្តកែប គ្មានបញ្ហាចោទទេ ហើយតាមពិតទៅការតភ្ជាប់ប្រព័ន្ធទឹកស្អាត តាមបណ្តាញទុយោមេ បានចន្លោះពី ៨០ទៅ ៩០ភាគារយហើយ នៅទូទាំងខេត្ត ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមិនប្រើប្រាស់ ដោយសារទម្លាប់ កត្តាជីវភាព និងកម្រិតនៃការយល់ដឹង។

លោកបានបញ្ជាក់ទៀតថា ទៅថ្ងៃមុខប្រជាពលរដ្ឋពិតជាងាកមកប្រើប្រាស់ទឹកស្អាតជាក់ជាមិនខាន ហើយ ក៏មិនបង្កឲ្យប៉ះពាល់ដល់គោលនយោបាយទឹកស្អាត របស់រាជរដ្ឋបាលកម្ពុជាផងដែរ ។ លោកបានបន្ថែមថា តម្លៃទឹកស្អាត ២,០០០រៀលក្នុងមួយម៉ែត្រត្រីគុណ ហើយគ្រួសាមានគ្នាពីរនាក់ ក្នុងមួយខែប្រើទឹកត្រឹមតែ៧ ទៅ៨ម៉ែត្រត្រីគុណប៉ណ្ណោះ គឺមិនដល់២ម៉ឺនរៀលផងក្នុងមួយខែ៕