Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡើងកម្ដៅមួយកម្រិតទៀតហើយ អាមេរិកបង្កើនល្បឿនពង្រាយគ្រាប់បែកនុយក្លេអ៊ែរ B61-12 បន្ទាប់ពីរុស្ស៊ីធ្វើសមយុទ្ធមីស៊ីលអន្តរទ្វីប និងគ្រូស

អាមេរិក ៖ ឡើងកម្ដៅមួយកម្រិតទៀតហើយ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះត្រួតពិនិត្យផ្ទាល់ការធ្វើសមយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលរួមមានការបាញ់មីស៊ីលផ្លោងអន្តរទ្វីប និងមីស៉ីលគ្រូស (cruise missiles) ជាការបង្ហាញសាច់ដុំយោធានោះ សហរដ្ឋអាមេរិកបានសម្រេចចិត្តបង្កើនល្បឿនផែនការដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរ B61-12 ទៅកាន់ តំបន់អឺរ៉ុប។

បបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានអាមេរិក ប៉ូលីទីកូ (Politico) ដោយផ្អែកលើប្រភពពីមន្ត្រីការទូត និងមន្ត្រីស៊ើបអង្កេត ទម្លាយថា ក្រុមមន្រ្តីអាមេរិក និងក្រុមមន្ត្រីសម្ព័ន្ធមិត្តនៃអង្គការ NATO បានជួបប្រជុំនៅទីក្រុងព្រុចសែល (Brussels), ហើយថា អង្គប្រជុំនេះ បានអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរ B61-12 ដែលដំបូងឡើយត្រូវបានគ្រោងសម្រាប់និទាឃរដូវឆ្នាំ ២០២៣ឯណោះទេ ប៉ុន្តែពេលនេះ ត្រូវបានពន្លឿនមកខែធ្នូ ដើមសិសិររដូវ ឆ្នាំ២០២២នេះវិញ។

ទោះជាយ៉ាងណា លោក ផាទ្រីក រ៉ៃដឺ (Patrick Ryder) អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានបង្វែរសភាពការណ៍ ដោយនិយាយប្រាប់សារព័ត៌មាន Politico ថា សហរដ្ឋអាមេរិកនឹងមិនផ្តល់ការអត្ថាធិប្បាយលម្អិតអំពីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ, ចំណែកការធ្វើទំនើបកម្មគ្រាប់បែក B61-12 នេះ គឺបានដំណើរការរយៈពេលជាច្រើនឆ្នាំ និងគ្រោងទុកតាំងពីយូរមកហើយ ដែលមិនជាប់ពាក់ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែននោះឡើយ។

សូមបញ្ជាក់ថា B61-12 គឺជាក្រុមគ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក ដែលត្រូវបានអភិវឌ្ឍឡើងដំបូងកាលពីដើមទសវត្សឆ្នាំ១៩៦០, ហើយចាប់តាំងពីពេលនោះមក B61-12 ជាច្រើនជំនាន់ ត្រូវបានបន្តអភិវឌ្ឍឡើង និងធ្វើឱ្យប្រសើរឡើងជាងមុន ខណៈភាគច្រើននៃពួកវា គឺត្រូវបានដាក់ឱ្យចូលនិវត្តន៍អស់ទៅហើយ។

បើតាមរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរអាមេរិក បង្ហាញថា កម្មវិធីទំនើបកម្ម នឹងជួយពន្យារអាយុកាលប្រើប្រាស់ នៃគ្រាប់បែកនុយក្លេអ៊ែរនេះបានយ៉ាងហោច ២០ឆ្នាំបន្ថែមទៀត។ គ្រាប់បែកនុយក្លេអ៊ែរ B61-12 ដែលអភិវឌ្ឍមកជាជំនាន់ថ្មី ត្រូវបានធ្វើតេស្តលើកដំបូង កាលពីឆ្នាំ២០១៥ ហើយឈានចូលដំណាក់កាលផលិតកាលពីចុងឆ្នាំ២០២១, ក្បាលគ្រាប់របស់វាមាន កម្លាំងផ្ទុះតាមសភាពភាពបត់បែន អាចដំឡើងខ្លាំងក៏បាន ឬបន្ថយឱ្យខ្សោយក៏បាន អាស្រ័យលើគោលដៅដែលអ្នកបញ្ជាបានកំណត់។

គួរបញ្ជាក់ថា មុននេះបន្តិច ក្រោមការត្រួតពិនិត្យរបស់ លោក ពូទីន នៅក្នុងវគ្គហ្វឹកហ្វឺនមួយត្រូវបានធ្វើឡើងដោយកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់រុស្ស៉ី ទាំងនៅលើដី ក្នុងសមុទ្រ និងលើអាកាស ជាមួយនឹងការបាញ់ជាក់ស្តែងនូវមីស៉ីលផ្លោង និងមីស៊ីលគ្រូស, គឺ សមយុទ្ធនេះមានគោលបំណងបត់បែនគ្រប់ពេលវេលា អាចឆ្លើយតបទៅនឹង «ការវាយប្រហារនុយក្លេអ៊ែរដ៏ធំ» ជាការសងសឹកចំពោះការវាយប្រហារនុយក្លេអ៊ែរណាមួយមកលើប្រទេសរុស្ស៉ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×