ភ្នំពេញ៖ កម្ពុជា ចិន បានចុះអនុស្សារណៈយោគយល់គ្នាលើការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានចូលរួមពីឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម, លោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ZENG Yomin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសៀមិន នៃប្រទេសចិន។

ឯកឧត្តម ឈួន ដារ៉ា បានថ្លែងថា ការចុះអនុស្សារណៈយោគយល់គ្នានេះ ជាជំហានទីមួយ ក្នុងការបើកផ្លូវនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ប្រទេសចិន។ លោកសូមកោតសសើរដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្ដីពាក់ព័ន្ធទាំងអស់ ដោយបានខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណា នាំចេញផលិតផលជាផ្នែកកសិកម្ម ពីកម្ពុជាទៅកាន់ប្រទេសចិន។

លោក កៅ កោសល បានថ្លែងថា អនុស្សារណៈនៃការយោគយល់គ្នានេះ បានផ្តោតទៅលើសកម្មភាពនៃ កិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖១៖ ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ។ ២៖ កិច្ចគាំពារឱ្យមានការបង្កើតរោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ។ ៣៖ ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ត្រចៀកកាំរវាងកម្ពុជា-ចិន។ ៤៖ ការពង្រឹងបណ្ដាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗដូចជា វេទិការធុរកិច្ច ការផ្គូផ្គង ពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មជាដើម។

លោក ZENG Yomin បានថ្លែងថា ប្រទេសកម្ពុជាពុំទាន់មានការនាំចេញសំបុកត្រចៀកកាំជាផ្លូវការទៅកាន់ប្រទេសចិននោះទេ ដូច្នេះនឹងធ្វើឲ្យខាតប្រយោជន៍ដល់ប្រទេសទាំងពីរ ពិសេសអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជា ដូច្នេះការចុះអនុស្សណៈយោគយល់គ្នានេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរ។
គួរបញ្ជាក់ថា បើតាមលោក ZENG Yomin មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសៀមិន នឹងជួយជំរុញសំបុកត្រចៀកកាំកម្ពុជា នាំចូលទៅកាន់ទីផ្សារប្រទេសចិនឲ្យសម្រចបានដោយជោគជ័យ៕