Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាមេរិក-ចិន យកមេរៀនសង្គ្រាមនៅអ៊ុយក្រែន មកផ្លាស់ប្ដូរបរិយាកាស នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលមានភាពតានតឹងខ្លាំងឡើង អស់រយៈពេលជាយូរមក នៅទីបំផុត មេដឹកនាំសហរដ្ឋអាមេរិក និង ចិន ចាប់ផ្ដើមនិយាយទោរទន់រកគ្នា ដើម្បីផលប្រយោជន៍ពិភពលោក ហើយជ្រើសរើសយកមេរៀនមួយចំនួន ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន មកផ្លាស់ប្ដូរបរិយាកាស នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សារព័ត៌មានឥណ្ឌា NDTV បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបញ្ជាក់ នៅក្នុងជំនួបជាមួយនឹងក្រុមទីប្រឹក្សាយោធាកំពូលៗរបស់គាត់ ថា សហរដ្ឋអាមេរិក មិនស្វែងរកជម្លោះជាមួយនឹងប្រទេសចិន នោះឡើយ។ បញ្ហានេះ សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) ក៏បានដឹងរួចហើយដែរ។

លោកប្រធានាធិបតី បៃដិន បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក នឹងបន្ដនាំយកបញ្ហាមួយចំនួន ចេញពីការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឲ្យមានការប្រែប្រួលបរិយាកាស នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ជាមួយគ្នានេះដែរ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានបញ្ជាក់ ថា ចិន ក៏មានគោលបំណង ចង់ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកផ្លូវដើរ នៅក្នុងរយៈពេលវែង សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក។ លោកប្រធានាធិបតី បានថ្លែងបែបនេះ តាមបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយសារដ្ឋចិន នៅមុនពេលកិច្ចប្រជុំអាចនឹងកើតឡើងជាមួយនឹងសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋចិន CCTV បានផ្សាយថា លោកប្រធានាធិបតី ស៊ី បានបញ្ជាក់ ថា «ពិភពលោកសព្វថ្ងៃ មិនទាន់មានសន្តិភាព ឬ វិបុលភាពពេញលេញនៅឡើយទេ។ ប៉ុន្ដែក្នុងនាមជាមហាអំណាចកំពូល ចិនត្រូវតែពង្រឹងនូវការទាក់ទង និង កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ចំណងទំនាក់ទំនង រវាងមហាអំណាចទាំង២នេះ នឹងជួយបង្កើនស្ថិរភាព និង ភាពប្រាកដប្រជា ជាសកលលោក ហើយលើកកម្ពស់ដល់សន្តិភាព និង ការអភិវឌ្ឍពិភពលោក ថែមទៀតផង»។

លោកប្រធានាធិបតីចិន បានបន្ថែម ថា «ចិន មានសុច្ឆន្ទៈជានិច្ច ធ្វើកិច្ចសហការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតការគោរព និង ផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកមធ្យោបាយ សម្រាប់សម្រុះស្រួលគ្នា ហើយរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខសាន្ត នៅក្នុងយុគសម័យថ្មី។ បើធ្វើយ៉ាងដូច្នេះបាន វាមិនត្រឹមមានផលប្រយោជន៍ល្អ សម្រាប់ប្រទេសមហាអំណាចទាំងពីរទេ ប៉ុន្ដែវាជាផលប្រយោជន៍ ដល់ពិភពលោកទាំងមូលថែមទៀតផង»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×