រដ្ឋធានីមូស្គូ៖ មេដឹកនាំវិមានក្រឹមឡាំង ក្រោយការបញ្ជាឲ្យកម្លាំងទាហានរុស្ស៊ី ឆ្លងកាត់ព្រំដែនរបស់ខ្លួន ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មិនបានប៉ុន្មានថ្ងៃផង គាត់ក៏បានព្រមានដល់ប្រទេសមហាអំណាចបស្ចិមលោក និង សម្ពន្ធមិត្ត អំពីអាវុធមហាប្រល័យលោក ហើយក្រុមមន្ដ្រីរបស់គាត់ ក៏ចេះតែព្រមានជាហូរហែ រហូតមក អំពីអាវុធដ៏គ្រោះថ្នាក់បែបនេះ ឥឡូវលោក ពូទីន បានចាប់ផ្ដើមព្រមាន អំពីពិភពលោកដើរដល់ទសវត្សរ៍មួយ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៨ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានព្រមាន ថា ពិភពលោក ប្រឈមមុខនឹងទសវត្សរ៍មួយ ប្រហែលជានឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានផុតរលត់ទៅ។
នៅក្នុងសុន្ទរកថាយ៉ាងទូលំទូលាយមួយ កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានព្យាយាម បង្ហាញ អំពីភាពត្រឹមត្រូវ ចំពោះការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដែលជាសកម្មភាពមួយ ធ្វើឱ្យប្រទេសរបស់គាត់ ត្រូវនៅឯកោ ពីឆាកអន្តរជាតិ។
នៅក្នុងចំណោមប្រទេស១៩៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ មានប្រទេសចំនួន១៤៣ រួមទាំង ប្រទេសអារ៉ាប៊ីសាអូឌី ជាសម្ពន្ធមិត្តដ៏យូរលង់ណាស់មកហើយជាមួយនឹងក្រុងមូស្គូ កាលពីថ្ងៃទី១២ ខែតុលា បានបោះឆ្នោតថ្កោលទោសរុស្ស៊ី ជុំវិញការកាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន មកធ្វើជាទឹកដីរបស់ខ្លួន។ ដោយឡែក ប្រទេសដែលបានបោះឆ្នោតប្រឆាំងនឹងការថ្កោលទោសនេះ មានតែ៥ប៉ុណ្ណោះ រួមទាំងរុស្ស៊ី ខ្លួនឯងផង និង ប្រទេសជាសម្ពន្ធមិត្ដចំនួន៤ទៀត មានដូចជា បេឡារុស (Belarus), នីការ៉ាហ្គ័រ (Nicaragua), កូរ៉េខាងជើង (North Korea) និង ស៊ីរី (Syria) ។ សូម្បីតែប្រទេសចិន ឥណ្ឌា និង អាហ្វ្រិកខាងត្បូង …ជាដើម ក៏ស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបោះឆ្នោតអនុបវាទ។
ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ត្រូវបានគេចាត់ទុក ជាបុរសខ្លាំង នៅក្នុងប្រទេសរុស្ស៊ី ក៏បានចោទប្រកាន់ដល់បស្ចិមលោក (បច្ឆិមលោក) អំពីការបង្កាច់បង្ខូចនុយក្លេអ៊ែរ ប្រឆាំងនឹងរុស្ស៊ី ដើម្បីបង្ខំសម្ពន្ធមិត្ត ឱ្យងាកចេញពីក្រុងម៉ូស្គូ។ ប្រទេសមហាអំណាចលោកខាងលិច បានបរិហារដល់ការគំរាមកំហែង អំពីការប្រើប្រាសអាវុធនុយក្លេអ៊ែរដ៏អាថ៌កំបាំង កាលពីពេលថ្មីៗនេះ បង្កឡើង ដោយវិមានក្រឹមឡាំង។
សម្ពន្ធមិត្តយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ ឬ អូតង់) កាលពីដើមសប្ដាហ៍នេះ បានថ្កោលទោស ដល់ការអះអាង ដោយគ្មានហេតុផល ពីរុស្ស៊ី ដែលបានលើកឡើង ថា អ៊ុយក្រែន អាចនឹងប្រើប្រាស់ «គ្រាប់បែកកខ្វក់» ដែលជាគ្រឿងបំផ្ទុះធម្មតា មានផ្ទុកសារធាតុវិទ្យុសកម្ម។ អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានចាត់ទុកការចោទប្រកាន់របស់ក្រុងមូស្គូ ជាលេសមួយ សម្រាប់ការឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន។
លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានសង្កត់ធ្ងន់ ថា សមាជិកសម្ពន្ធមិត្តយោធារបស់អង្គការនេះ បានទាត់ចោលការចោទប្រកាន់របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ ក្រុងមូស្គូ មិនត្រូវបង្កើតលេសបែបនេះ សម្រាប់ការបង្កើនជម្លោះបន្ថែមទៀត នោះឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ថ្លែងទៅកាន់វេទិកាក្លឹបពិភាក្សាប្រចាំឆ្នាំ Valdai ក្រោយពេលទាហានរបស់ក្រុងមូស្គូ បានទទួលរងបរាជ័យ ជាបន្ដបន្ទាប់ នៅក្នុងប្រទេសអ៊ុយក្រែន ហើយនាំឲ្យមានការផ្ទុះកំហឹង ដែលកំពុងតែកើនឡើង នៅក្នុងប្រទេស ជុំវិញយន្ដការកេណ្ឌទ័ពមួយផ្នែក មានចំនួន ៣សែននាក់ សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងការធ្វើសង្គ្រាមរបស់លោក ពូទីន ។
មួយថ្ងៃ មុនសុន្ទរកថារបស់គាត់ នៅទីក្រុងមូស្គូ លោក ពូទីន បានត្រួតពិនិត្យសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំ ពាក់ព័ន្ធនឹងការវាយប្រហារនុយក្លេអ៊ែរ ជាការសងសឹក ចំពោះការវាយប្រហារនុយក្លេអ៊ែរដ៏ធំរបស់សត្រូវ។ លោក ពូទីន បានប្រាប់ទស្សនិកជនរបស់គាត់ ថា «យើងមិនដែលបាននិយាយជាញឹកញាប់ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នោះទេ។ យើងបានឆ្លើយតបតែជាមួយនឹងការផ្តល់យោបល់ ចំពោះការបញ្ចេញមតិ ដោយមេដឹកនាំប្រទេសលោកខាងលិចតែប៉ុណ្ណោះ»។
មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានថ្លែងសម្ដៅ ទៅលើអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) សម្រាប់ការផ្តល់យោបល់ នៅក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការ កាលពីខែសីហា ថា លោកស្រី នឹងត្រៀមខ្លួនរួចរាល់ នៅក្នុងការចុចប៊ូតុងនុយក្លេអ៊ែរ ប្រសិនបើកាលៈទេសៈ តម្រូវឱ្យលោកស្រី ធ្វើដូច្នេះ។ ពូទីន បានបន្ថែម ថា គាត់ភ្ញាក់ផ្អើល ចំពោះសម្ពន្ធមិត្តរបស់ចក្រភពអង់គ្លេស មិនជំទាស់ ថា «តើយើងគួរតែធ្វើអ្វី? នៅស្ងៀម? ធ្វើពុតថា យើងមិនឮសម្ដីនេះ?
បើទោះជាយ៉ាងណាក៏ដោយ លោក ពូទីន បានព្រមានម្តងហើយម្តងទៀត ថា រុស្ស៊ី នឹងប្រើប្រាស់«គ្រប់មធ្យោបាយទាំងអស់» ដើម្បីការពារខ្លួន នៅក្នុងអ្វីដែលត្រូវបានមើលឃើញយ៉ាងច្បាស់ ថា ជាការគំរាមកំហែង ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យ៉ាងប្រាកដ។ មីស៊ីលមួយ ក្នុងចំណោមកាំជ្រួចទាំងពីរ ត្រូវបានបាញ់ចេញពីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ នៅសមុទ្របារ៉ែន (Barents Sea)។ ពូទីន បាននិយាយឡើងវិញនូវការវាយប្រហារថ្មីៗរបស់គាត់ ទៅលើលោកខាងលិច ហើយអ្វីដែលគាត់ហៅថា ជា«ល្បែងដ៏គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់» ចំពោះការបដិសេធដល់ប្រទេសនានា សម្រាប់អធិបតេយ្យភាព និង ភាពពិសេសរបស់ពួកគេ។ ចំណែកការត្រួតត្រា ដោយមិនមានការបែងចែករបស់លោកខាងលិច លើកិច្ចការពិភពលោក ឥឡូវនេះ បានឈានដល់ទីបញ្ចប់ហើយ។
ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ទៀត ថា «យើងស្ថិតនៅលើព្រំដែនប្រវត្តិសាស្ត្រ។ ប៉ុន្ដែនៅពេលខាងមុខ ប្រហែលជាគ្រោះថ្នាក់បំផុត ហើយមិនអាចទាយទុកជាមុនបាន នៅក្នុងទសវត្សរ៍ដ៏សំខាន់មួយនេះ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក»៕ រក្សាសិទ្ធិដោយ ៖ សារាយSN


















