Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB សន្យាផ្តល់ហិរញ្ញប្បទាន ៤០០ លានដុល្លារបន្ថែមទៀត លើ ៤៨០ លានដុល្លារ ដែលបានឯកភាព រួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី​និងជារដ្ឋលេខាធិការប្រចាំការ​នៃក្រសួងសេដ្ឋ​កិច្ច ​និងហិរញ្ញវត្ថុ បានទទួលជួប​ពិភាក្សាការងារជាមួយលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុក​តំបន់អាស៊ីអាគ្នេយ៍​នៃធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២។

លោក Winfried F. Wicklein បានសំដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​គ្រប់គ្រងសភាពការណ៍​កូវីដ-១៩ បានល្អប្រសើរ គួរជាទីកត់សម្គាល់របស់ពិភពលោក។ លោក​ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍ​កម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាព​​ជាដៃគូឆ្នាំ២០២៤-២០២៨។  ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ ប៊ីលានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០។ ក្នុងទិសដៅនេះ, ADB បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនក្នុងតំបន់ ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជាតាមរយៈយន្តការខាងលើនេះផងដែរ។ ADB នឹងបង្កើនកិច្ចប្រតិបត្តិការដើម្បី ជួយ​ដល់​វិស័យឯកជនថែមទៀត។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណ ដល់ ADB ដែលបានវិភាជន៍នូវកញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០ លានដុល្លាអាមេរិក បន្ថែមពីលើកញ្ចប់ហិរញ្ញប្បទាន ដែលបានគ្រោងចំនួន ៤៨០ ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០២៣ និង២០២៤។ ភាគីទាំងពីរនឹងពិភាក្សាលើបញ្ជីកម្មវិធី/គម្រោង តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយ​ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍លើកឡើងផងដែរថា ក្រៅពីការទទួលបាននូវជោគជ័យដ៏ធំធេង នៅ​ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជាក៏បានគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់​អវិជ្ជមាន​ពីវិបត្តិនៃជំងឺនេះមកលើសង្គម-សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ តាមរយៈការដាក់ចេញដោយទាន់ពេលវេលា និងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកញ្ចប់អន្តរាគមន៍ និងជំនួយសង្គមជាច្រើនដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ក៏ដូចអាជីវកម្មដែលរងផលប៉ះពាល់ដោយវិបត្តិនេះ។ ជាក់ស្តែង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលជាជំនួយសង្គមសម្រាប់ជួយប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ត្រូវបានវាយតម្លៃដោយដៃគូអភិវឌ្ឍន៍ថា ពិតជាបានចូលរួមចំណែកលើកកម្ពស់ជីវភាព និងបញ្ចៀសពីការធ្លាក់ចូលទៅក្នុងបញ្ហាអសន្តិសុខស្បៀង បំណុលវ័ណ្ឌក ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងជួយសម្រាលបន្ទុកចំណាយ ពិសេសការចំណាយលើម្ហូបអាហារ ថ្នាំសង្កូវ និងការអប់រំ។ កម្មវិធីនេះក៏បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយកំណើនអត្រានិកម្មភាពផងដែរ។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, ADB បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ​​​ដល់​ប្រទេស​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍​​​ចំនួន ១៨៩ ដែលមានទឹកប្រាក់សរុបប្រមាណ ៤,៤១០ ប៊ី​លានដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ (១).ឥណទានសម្បទានប្រមាណ ៣​ ៨៨៧ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១២៤ ក្នុងនោះគម្រោងចំនួន ៨៣ បានបញ្ចប់ និងគម្រោងចំនួន ៤១ កំពុងដំណើរការ និង (២).ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥២៣ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ៦៥ ក្នុងនោះគម្រោងចំនួន ៤១ បានបញ្ចប់ និងគម្រោងចំនួន ២៤ កំពុងដំណើរការ។ ហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ បានប្រើប្រាស់សម្រាប់ធ្វើការវិនិយោគទៅលើវិស័យអាទិភាព​ចាំបាច់​នានា ដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធក្រុង, ​គមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម និងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ការគ្រប់គ្រងសាធារណៈ,​អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសុខាភិបាល ព្រមទាំងវិស័យថាមពល និងពហុវិស័យ៕ 

×