ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានប្រារព្ធមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧។ពិធីនេះបានប្រារព្ធធ្វើឡើង នៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមវត្តមានចូលរួមពីលោកបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងលោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ គរុសិស្ស សិស្ស និស្សិត យុវជន យុវនារីកាយរិទ្ធ កាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តស្វាយរៀងប្រមាណ៤៥០០នាក់ ។
ពិធីដ៏ឱឡារិកនាព្រឹកនេះ គឺប្រារព្ធឡើងដើម្បីរំលឹក និងថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៃព្រះរាជបូនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ ព្រះបញ្ញាស្មារតី ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្នេហារបស់ព្រះអង្គ កាលពី៦៤ឆ្នាំមុន ។
ប្រជារាស្ត្រដែលជាកូន ចៅ ចៅទួត នៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ។
គួររំលឹកផងដែរថា ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ”។
ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តម នៃការទាមទារឯករាជពីអាណានិគមបារាំងនេះ វិមានឯករាជ្យត្រូវបានកសាង និង សម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតា របស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យនេះ ក៏ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ផងដែរ។ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ។បើទោះបីព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង បានយាងចូលទិវង្គតអស់រយៈពេល ៤ឆ្នាំទៅហើយក្តី តែព្រះស្នាព្រះហស្ថដ៏ជោគជ័យក្នុងការនាំមកនូវសិទ្ធិសេរីភាពពីប្រទេសបារាំង បានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គនៅតែចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជព្រះបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ៕ វ៉ៃកូ