នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានប្រកាសថា ជើងហោះហើររបស់ខ្លួន KE361 ដែលចេញដំណើរពីទីក្រុងសេអ៊ូល បានរអិលចេញពីផ្លូវរត់ ខណៈចុះចតនៅអាកាសយានដ្ឋាន Cebu ប្រទេសហ្វីលីពីន។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ យន្តហោះបានព្យាយាមចុះចត២ដងមុន ខណៈស្ថានភាពអាកាសធាតុដ៏អាក្រក់ ហើយបានជួបគ្រោះថ្នាក់ នៅពេលចុះចតជាលើកទី៣។
ជាសំណាងល្អ អ្នកដំណើរទាំង ១៧៣ នាក់ នៅលើជើងហោះហើរ បានចេញមកដោយសុវត្ថិភាព និងមិនមានអ្នកណាម្នាក់រងរបួសអ្វីឡើយ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏បាននិយាយផងដែរថា អ្នកដំណើរទាំងអស់ត្រូវបានអមដំណើរដោយសុវត្ថិភាព ទៅកាន់សណ្ឋាគារក្នុងស្រុក មុនពេលការរៀបចំជើងហោះហើរជំនួស ត្រូវបានធ្វើឡើង។
នៅថ្ងៃអង្គារទី២៥ ខែតុលា ជើងហោះហើរជំនួសរបស់ក្រុមហ៊ុនអាកាសចរណ៍ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Incheon (កូរ៉េខាងត្បូង) ដោយនាំអ្នកដំណើរមួយចំនួនចេញពីជើងហោះហើរអកុសល ត្រឡប់ទៅផ្ទះវិញ។
ទោះបីជាមិនមានការបាត់បង់ជីវិតគួរឱ្យកត់សម្គាល់ក៏ដោយ ក៏អ្នកដំណើរនៅលើជើងហោះហើរ KE361 បាននិយាយថា វានៅតែជាពេលវេលាដ៏គួរឱ្យភ័យខ្លាចសម្រាប់ពួកគេ។
យោងតាម Koreaboo អ្នកដំណើរជាស្ត្រីមានផ្ទៃពោះម្នាក់ បានរៀបរាប់ពីបទពិសោធន៍របស់នាងនៅថ្ងៃនោះ ដោយបានប្រាប់ឲ្យគ្រប់គ្នាដឹងពីខណៈពេលដ៏រន្ធត់ នៃឧប្បត្តិហេតុនេះ។
ស្រ្តីអ្នកដំណើរម្នាក់នោះ បាននិយាយថា «ការចុះចតលើកទី៣ គឺពិតជាអាក្រក់មិនដូចការលើកមុននោះទេ។ ការចុះចតគឺរលូនណាស់ ប៉ុន្តែដោយសារតែភ្លៀងខ្លាំង និងល្បឿនរបស់យន្តហោះមិនធ្លាក់ចុះដូចធម្មតា ធ្វើឲ្យខ្ញុំគិតថា យន្តហោះរអិលចេញពីផ្លូវរត់។ សូម្បីតែលើកទីមួយដែលយន្តហោះព្យាយាមចុះចត ក៏មានសំឡេងដ៏ខ្លាំងមួយបានកក្រើកឡើង មុនពេលយន្តហោះមុនឡើងទៅលើមេឃវិញ។ បើយើងព្យាយាមចុះចតនៅពេលនោះ យើងនឹងមានបញ្ហាធំជាងនេះ (សើច)»។
អ្នកដំណើរម្នាក់នេះ ក៏បានចែករំលែកអារម្មណ៍នៅខាងក្នុងយន្តហោះផងដែរ ដោយនាងបាននិយាយថា នៅពេលនោះ នាងបានឃើញអ្នកបម្រើលើយន្តហោះជ្រួលច្របល់ មិនដឹងជាភ័យខ្លាចប៉ុណ្ណានោះទេ នៅក្នុងអំឡុងហេតុការណ៍កើតឡើង។
ស្រ្តីនោះបាននិយាយថា «ខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំនៅក្នុងកុន។ បន្ទាប់ពីគេបានប្រកាសថា យើងនឹងធ្វើការចុះចតជាបន្ទាន់ អ្នកបម្រើការលើយន្តហោះទាំងអស់បានស្រែកឡើង។ ដំបូង ខ្ញុំកាន់តែភ័យខ្លាចដោយសារការស្រែកនេះ។ ខ្ញុំឆ្ងល់ថាអ្នកណាជាអ្នកស្រែក ខ្ញុំមើលទៅឃើញអ្នកបម្រើលើយន្តហោះ ពួកគេបន្តស្រែកថា៖ ‘ឱនក្បាលចុះ!’ ខ្ញុំក៏បានព្យាយាមដាក់ក្បាលរបស់ខ្ញុំនៅចន្លោះជង្គង់របស់ខ្ញុំ ប៉ុន្តែ វាពិបាកដោយសារខ្ញុំមានផ្ទៃពោះ»។
នាងបានបន្តថា «នៅពេលនោះ ការចុះចតដោយរលូន បានធ្វើឱ្យពួកយើងមានការប្រុងប្រយ័ត្ន។ មនុស្សម្នាចាប់ផ្តើមងើកក្បាលរបស់ពួកគេសើច និងទះដៃ។ ខ្ញុំបានប្រាប់ប្តីរបស់ខ្ញុំឱ្យរក្សាក្បាលរបស់គាត់ចុះបន្តិច ហើយបន្ទាប់មកនៅពេលនោះ សំឡេងខ្លាំងនិងការប៉ះទង្គិច និងការញ័របានអូសបន្លាយជាង៥វិនាទី ហើយយន្តហោះក៏បាត់បង់ថាមពល។ បន្ទាប់មក ក្លិនចម្លែកក៏ចាប់ផ្តើមលេចឡើង អ្នករាល់គ្នាយំ ហើយរញ៉េរញ៉ៃពេញយន្ត»។
យោងទៅតាមនាង ក្រុមអាកាសយានិក បន្ទាប់មកបានពិនិត្យមើលថា តើវាមានសុវត្ថិភាពដែរឬទេ ក្នុងការចេញពីយន្តហោះ មុនពេលនាំអ្នកដំណើរចេញតាមជណ្តើរ (ស្លាយ) សង្គ្រោះបន្ទាន់។
«យើងមិនអាចចុះភ្លាមៗបានទេ ដោយក្រុមនាវិកបានពិនិត្យរកភ្លើង និងគ្រោះថ្នាក់ផ្សេងៗ មុនពេលអនុញ្ញាតឱ្យយើងឡើងលើស្លាយ។ នៅពេលណាដែលខ្ញុំឃើញយន្តហោះប្រើស្លាយតែមួយ តែងតែមានទូកសង្គ្រោះ ខ្ញុំឆ្ងល់ថាតើវាគ្រប់គ្រាន់ហើយឬនៅ ប៉ុន្តែខ្ញុំភ្ញាក់ផ្អើល ព្រោះស្លាយនេះធំណាស់ វាធំល្មមអាចប្រើជាទូកសង្គ្រោះបាន»។
យោងតាមគេហទំព័រ Koreaboo មនុស្សជាច្រើនបានបង្ហាញពីអារម្មណ៍របស់ពួកគេ និងមានអារម្មណ៍ថា សំណាងដែលគ្រប់គ្នាមានសុវត្ថិភាព និងព្រមទាំងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងភាពក្លាហានរបស់នាវិកទាំងមូល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





