ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាបានប្រកាន់យករបបរាជានិយម ដូច្នេះយើងមិនត្រូវបណ្តែតបណ្តោយ ឱ្យមានការប្រមាថចំពោះព្រះមហាក្សត្រនោះឡើយ

កំពង់ធំ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានប្រកាន់យករបបរាជានិយម ដូច្នេះយើងមិនត្រូវបណ្តែតបណ្តោយឱ្យមានការប្រមាថចំពោះព្រះមហាក្សត្រនោះឡើយ។ សម្តេចតេជោក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបក្សភ្លើងទៀន និងបក្សដ៏ទៃទៀត ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មិនត្រូវបណ្ដែតបណ្ដោយឲ្យមានប្រមាថ ចំពោះព្រះចេស្ដាព្រះមហាក្សត្រជាដាច់ខាត។

ក្នុងឱកាសបន្ដអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំ ជិត៧ពាន់គ្រួសារ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនឲ្យមានជនទាំងឡាយណាភ្ជាប់ខ្លួនជាមួយក្រុមជនក្បត់ជាតិតជំនាន់នោះឡើយ បូករួមទាំងគណបក្សនយោបាយផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដូច្នេះនៅក្នុងប្រទេសយើង ត្រូវតែមានរបៀបរបបមួយឲ្យបានច្បាស់ នៅក្នុងប្រទេសមួយដែលមានរបបរដ្ឋធម្មនុញ្ញកំណត់ថាជារបប រាជានិយមអាស្រ័យធម្មនុញ្ញ ហើយបែរជាប្រមាថព្រះមហាក្សត្រនោះទេ ខ្ញុំសូមបញ្ជាក់ អ្នកណាក៏ដោយគឺមិនអាចផ្សាភ្ជាប់ជាមួយអាចោរក្បត់ជាតិនេះបានទេ ហើយនេះសម្រាប់ការត្រេះរិះពិចារណាសម្រាប់អ្នកនយោបាយដទៃ ក្នុងការធ្វើសកម្មភាព។

បើទោះបីមានប្រសាសន៍មិនចំឈ្មោះជនក្បត់ជាតិថាជានរណា ប៉ុន្ដែយើងអាចស្គាល់បានថា ជនក្បត់ជាតិដែលសម្ដេចចង់សំដៅលើនោះ គឺទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

នៅក្នុងពិធីចែកពូជស្រូវជនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ/សង្កាត់បក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី ដោយកុំខ្លាចរអារឿងបក្សដកតំណែងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បក្សភ្លើងទៀន មិនអាចដកតំណែងក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន បាននោះឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេនោះ។

ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ស្រាប់តែសារថ្កោលទោសទៅកាន់ទណ្ឌិត សម រង្ស៉ី ពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សភ្លើងទៀន បានធ្លាក់មកជាបន្ដបន្ទាប់។ ពួកគាត់សុទ្ធតែបានបញ្ជាក់ដូចៗគ្នា អំពីការថ្កោលយ៉ាងដាច់អហង្ការចំពោះការប្រមាថ និងការចោទប្រកាន់ ឥតព្រំដែនម្តងហើយម្តងទៀតរបស់ សម រង្ស៉ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សភ្លើងទៀន ដែលបានបញ្ជាក់ជំហរយ៉ាងច្បាស់ក្នុងការថ្កោលទោសទៅលើទង្វើក្បត់ជាតិ ហើយសម្ដេចបានអះអាងថា ជំហររបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀនបែបនេះ ទើបអាចរួមរស់ និងធ្វើការជាមួយរាជរដ្ឋាភិបាលបាន ព្រោះបើមិនដូច្នេះទេនឹងប្រឈមជាមួយបញ្ហា។

សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់ៗរូប។ ដោយសារថ្ងៃនេះគឺជាខួប១៨ព្រះវស្សានៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរ និងបានថ្លែងថាក្នុងរយៈពេល១៨ព្រះវស្សានេះ ព្រះអង្គបានគ្រងរាជសម្បត្តិ និងនាំមកនូវសុខសន្តិភាព ជូនប្រជារាស្ត្រខ្មែរទូទាំងនគរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ សម្តេចតេជោបានមានប្រសាសន៍ថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលដែលពលរដ្ឋមានទុក្ខលំបាក។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ។
នៅថ្ងៃនេះ សម្តេចតេជោបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អោយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។សម្តេចតេជោនៅតែបន្តអំពាវនាវប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ៨លានដូសទៀត។

ទាក់ទងទៅនឹងរឿងនយោបាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានប្រកាន់យករបបរាជានិយម ដូច្នេះយើងមិនត្រូវបណ្តែតបណ្តោយឱ្យមានការប្រមាថចំពោះព្រះមហាក្សត្រនោះឡើយ។ សម្តេចតេជោក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបក្សភ្លើងទៀន និងបក្សដ៏ទៃទៀត ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម