កូរ៉េ ៖ យប់មិញ នៅកូរ៉េខាងត្បូង ក្នុងការប្រារព្វពិធីបុណ្យHalloween ដែលមានមនុស្សចូលរួមសប្បាយរាប់សែននាក់ ក៏ស្រាប់តែកើតចលាចលជ្រួលជ្រើល ជាន់គ្នាស្លា.ប់រហូត១៤៩នាក់ និងរបួសជាង១៥០នាក់ទៀត។
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ កំពុងតែតាមដាន ពិនិត្យមើលថាតើមានបងប្អូនខ្មែរ នៅក្នុងចំណោមជនរងគ្រោះ ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យហាឡូវីនដែរទេ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមចូលរួមសោកស្តាយ និងរំលែកទុក្ខជូនចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧប្បត្តិហេតុដ៏គួរឲ្យរន្ធត់នៅតំបន់ អ៊ីថេវ៉ុន នាយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលានេះ ដែលបណ្ដាលឱ្យមានអ្នកស្លា.ប់ និងជនរងគ្រោះជាច្រើននាក់។
យើងខ្ញុំកំពុងតែតាមដានព័ត៌មានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិនិត្យមើលថាតើមានបងប្អូនខ្មែរយើងនៅក្នុងចំណោមជនរងគ្រោះដែរនោះទេ។
ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើងដែលជាប់ពាក់ព័ន្ធ ឬបាត់ខ្លួនក្នុងហេតុការណ៍នេះ សូមផ្តល់ដំណឹងមកស្ថានទូតឱ្យបានឆាប់បំផុត ដើម្បីស្ថានទូតចុះធ្វើអន្តរាគមន៍ជួយជាបន្ទាន់ លេខទូរស័ព្ទ 01075104324
សូមជម្រាបថា យ៉ាងតិចណាស់មនុស្ស១៤៩នាក់បានស្លា.ប់ និងរបួស១៥០នាក់ នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានៅផ្លូវតូចចង្អៀតមួយក្នុងពិធីបុណ្យហាឡូវីននៅកូរ៉េខាងត្បូងសោកនាដកម្មនេះកើតឡើងដោយសារការដួលនិងប៉ះទង្គិចគ្នាក្នុងចំណោមហ្វូងមនុស្សដ៏ធំនៃពិធីបុណ្យ Halloween នៅក្នុងសង្កាត់ Itaewon តំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយមនៃរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង។
មនុស្សរាប់សិបនាក់កំពុងស្ថិតក្នុងការគាំងបេះដូង អស់ខ្យល់ដកដង្ហើម រន្ធត់ បន្ទាប់ពីជាប់ស្អិតនៅក្នុងហ្វូងមនុស្សលើកំណាត់ផ្លូវតូចចង្អៀត ខណៈអ្នកជួយសង្គ្រោះព្យាយាមជួយទាញមនុស្សចេញពីគ្នា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










