តាំងពីល្ងាចថ្ងៃទី ៩ ខែមិថុនាម្លេះ អ្នកកាសែតជាច្រើនបាន “បោះទីតាំង” ត្រៀមជាមុននៅក្បែរសណ្ឋាគារ ST.Regis ដើម្បីចាប់យកព័ត៌មាន និងរូបភាពឲ្យបានមុនគេ ។
ប្រតិបត្តិការព័ត៌មានរបស់អ្នកកាសែតស្ថិតក្នុងក្រសែភ្នែករបស់កម្លាំងសន្តិសុខជានិច្ច ។ St Regis ត្រូវបានចចាមអារាមតគ្នាថា ជាកន្លែងដែលមេដឹកនាំ Kim Jong-Un ស្នាក់នៅអំឡុងសន្និសីទកំពូល ។ មេដឹកនាំប្រទេសទាំងពីរនឹងមកដល់នៅថ្ងៃនេះ (១០/៦) ។
នៅល្ងាចនេះគេសង្កេតឃើញភាគច្រើនជាអ្នកកាសែតជប៉ុន ។ អ្នកយកព័ត៌មានរបស់ Asahi TV ម្នាក់ប្រាប់ថា ក្រុមពួកគាត់មានគ្នាដល់ទៅ ៥០នាក់ ខណៈពេលដែលក្រុមផ្សេងទៀតមានសមាជិកដល់ទៅ ២០នាក់ ។
ជំនួបនេះ មានញ្ហាធំៗទាក់ទងដល់ជប៉ុន ទើបពួកគេចាត់ភ្នាក់ងារប្រមាញ់ព័ត៌មានច្រើនបែបនេះ ។
កិច្ចការរបស់ពួកគេគឺប្រមាញ់យកព័ត៌មាន និងរូបភាពគ្រប់យ៉ាង ។ រៀងរាល់ពេលមានរថយន្តចេញចូលសុទ្ធសឹងត្រូវបានគេថតទុកភ្លាម ។
ពួកគេថា “យើងពុំដឹងក្នុងរថយន្តជាអ្នកណាៗទេ តែត្រូវថតទុក ។ ខុស ១០០រូប កុំឲ្យ… របូត១” ។
វេលាម៉ោង ១៨h45 ល្ងាចថ្ងៃទី ៩ ខែមិថុនា មានរថយន្ត ២៤ កៅអី១គ្រឿង បើកចូលក្លោងទ្វារសណ្ឋាគារ St.Reges ពួកគេប្រញាប់ច្បាមថតភ្លាមៗ ព្រោះក្នុងនោះមានមនុស្សជិះស្រដៀងនឹងជនជាតិ… កូរ៉េ ។
ក្រៅពី St.Regis សណ្ឋាគារ Fullerton ក៏អាចជាទីស្នាក់នៅរបស់លោក Kim Jong-un ដែរ ហេតុនេះគេក៏ទុក “កម្លាំងបំរុង” ទោះបីគេចាក់ “កៅអូវ” ថា សណ្ឋាគារ St.Regis ទេ ដែលលោក Kim នៅ ។
កងកម្លាំងសន្តិសុខ “ក្រាស់ឃ្មឹក” នៅសណ្ឋាគារ St. Regis ។
នៅក្បែរនោះក៏មានសកម្មភាពមមាញឹកជួសជុល តម្លើង… ។
តាម Strait Times មានរថយន្តដឹកស្បៀងអាហារ បង្កកមួយចំនួន នឹងសំចតនៅព្រលានយន្តហោះ Changi សិង្ហបុរី រង់ចាំទទួលទំនិញមកពីកូរ៉េខាងជើង នៅថ្ងៃទី ១០ ខែមិថុនា ។
ប្រសិនបើការទស្សន៍ទាយរបស់អ្នកកាសែតពិតនោះលោក Kim ប្រតិភូអមដំណើរ ១០០នាក់ នឹងរៀបមកដល់សណ្ឋាគារ St.Regis ។
ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា នៅលើកោះ Sentosa ត្រូវបានបញ្ជាក់ហើយតែកន្លែងស្នាក់នៅរបស់មេដឹកនាំទាំងពីរ មិនទាន់ត្រូវបានអះអាងទេ ៕ សូយន