រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ដែលលោកបានបង្ហោះរូបថតមួយសន្លឹកនៅលើ Twitter និងសរសេរ សារថា៖ «ស្វាគមន៍លោកប្រធាន Kim Jong Un ដែលទើបតែមកដល់ប្រទេសសិង្ហបុរី»។
លោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ទឹកដីនៃប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃអាទិត្យនេះ ដើម្បីត្រៀមខ្លួនបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នាព្រឹកថ្ងៃអង្គារ ហើយវានឹងក្លាយជាជំនួបលើកទីមួយពុំធ្លាប់មាន រវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាច។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក នាយប់ថ្ងៃអាទិត្យនេះ បានទទួលជួបពិភាក្សាជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ក្នុងឱកាសនៃជំនួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លោក គីម ជុងអ៊ុន បានបង្ហាញក្តីជឿជាក់ថា តួនាទីរបស់សិង្ហបុរី នឹងត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រប្រសិនបើកិច្ចប្រជុំកំពូលរបស់កូរ៉េខាងជើង ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបានជោគជ័យ។
អំឡុងពេលបំពេញទស្សនកិច្ចនៅសិង្ហបុរី លោក គីម នឹងស្នាក់នៅសណ្ឋាគារឈ្មោះថា St. Regis ហើយលោក ត្រាំ នឹងស្នាក់នៅសណ្ឋាគារឈ្មោះ Shangri-La ។
លោក គីម ត្រូវគេរាយការណ៍ថា នឹងចាក់ចេញពីប្រទេសសិង្ហបុរី នៅវេលាម៉ោង០២៖០០នាទីរសៀលថ្ងៃអង្គារ ក្រោយការបើកកិច្ចប្រជុំកំពូលជាមួយ លោក ដូណាល់ ត្រាំ នៅពេលវេលាព្រឹកម៉ោង០៩៖០០នាទី៕