នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsein Loong បានបញ្ជាក់ឲ្យដឹងថា ប្រទេសរបស់លោក នឹងត្រូវចំណាយថវិកាប្រមាណជាង២០លានដុល្លារសិង្ហបុរី ដែលស្មើនឹង១៥លានដុល្លារអាមេរិក សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ប៉ុន្តែវាក៏ជាឱកាសផ្តល់ឲ្យមកវិញនូវភាពលេចធ្លោលើឆាកអន្តរជាតិសម្រាប់សិង្ហបុរីផងដែរ។
លោក Lee និយាយថា «បើទាក់ទិននឹងឥទ្ធិពលផ្ទាល់ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ផ្តល់ឲ្យយើងនូវភាពលេចធ្លោលើឆាកអន្តរជាតិ ហើយនៅពេលភាគីទាំងពីរ បានស្នើឲ្យយើងធ្វើជាអ្នកទទួលរៀបចំកិច្ចប្រជុំកំពូលរបស់ប្រទេសទាំងពីរ យើងមិនអាចបដិសេធបានឡើយ ព្រោះថាយើងមានសមត្ថភាពអាចទទួលធ្វើវាបាន ហើយ យើងត្រូវតែចំណាយធនធានខ្លះៗ»។
គួរជម្រាបថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់សិង្ហបុរីហើយនារសៀលថ្ងៃអាទិត្យនេះ តាមជើងហោះហើររបស់យន្តហោះឯកជនមួយនៃអាកាសចរណ៍ចិន។ លោក Lee នឹងត្រូវទទួលជួបពិភាក្សាជាមួយ លោក គីម នាថ្ងៃអាទិត្យ ហើយជួបជាមួយលោក ត្រាំ នៅថ្ងៃទី ១១ ខែមិថុនានេះ ៕ សូយន