Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបំផ្ទុះភេរវកម្មដ៏ធំ ផ្ដាច់ជីវិតមនុស្ស១០០នាក់ និង៣០០នាក់ទៀត រងរបួស ក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលី

សូម៉ាលី ៖ ប្រធានាធិបតីប្រទេសសូម៉ាលី បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន ១០០នាក់ បានបាត់បង់ជីវិត និងប្រហែល ៣០០នាក់ រងរបួស ក្នុងហេតុការណ៍បំផ្ទុះរថយន្ត២លើកបន្តបន្ទាប់គ្នា នៅក្បែរក្រសួងអប់រំ ក្នុងរដ្ឋធានីម៉ូហ្កាឌីស្យូ (Mogadishu) នៃប្រទេសអាហ្រ្វិកខាងកើតមួយនេះ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីសូម៉ាលី លោក ហាស្សាន ស៉ីអ៉ីក ម៉ូហាមូដ (Hassan Sheikh Mohamud) បានចុះទៅដល់ទីតាំងរងការវាយប្រហារដោយការបំផ្ទុះនោះ ដោយបានចាត់ចែងបញ្ជាផ្ទាល់ដល់សមត្ថកិច្ចធ្វើការសង្គ្រោះជនរងគ្រោះ។

ហេតុការណ៍ផ្ទុះលើកទីមួយ បានកើតឡើងនៅចំណុចផ្លូវបំបែកដ៏មមាញឹកមួយកន្លែង ឈ្មោះ K5 ក្នុងទីក្រុងម៉ូហ្កាឌីស្យូ ខណៈបន្ទុះលើកទីពីរកើតឡើងតាមក្រោយ ស្របពេលរថយន្តសង្រ្គោះបន្ទាន់ បានធ្វើដំណើរមកដល់កន្លែងហេតុ ដើម្បីជួយមនុស្សដែលរងគ្រោះក្នុងហេតុការណ៍លើកទីមួយ។

នេះជាការបំផ្ទុះភេរវកម្ម ដែលមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារខាងលើនេះនៅឡើយទេ ប៉ុន្តែ លោក ម៉ូហាមូដ បានទម្លាក់កំហុស ចំពោះ ក្រុមសកម្មប្រយុទ្ធ អាល់ សាបាអាប (al Shabaab) ខណៈជាទូទៅក្រុមសកម្មប្រយុទ្ធនេះ គេចវេះ មិនចេញមុខធ្វើការអះអាងទទួល ខុសត្រូវសម្រាប់ការវាយប្រហារទាំងឡាយ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសច្រើននោះទេ។

សូមរំលឹកថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ គឺកើតឡើងចំតំបន់ដូចគ្នាទៅនឹង ហេតុការណ៍បំផ្ទុះគ្រាប់បែកធំបំផុត កាលពីខែតុលា ឆ្នាំ២០១៧ ក្នុងប្រទេសសូម៉ាលី ដែលបានផ្តាច់ជីវិតមនុស្សច្រើនជាង ៥០០នាក់ ។ នាពេលនោះ រថយន្តធុនធំមួយគ្រឿង ត្រូវបានគេបំផ្ទុះក្បែរសណ្ឋាគារមួយកន្លែង នៅចំណុចផ្លូវប្រសព្វ K5 នេះដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×