Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលកូរ៉េខាងត្បូង ចេញមុខឧបត្ថម្ភដល់គ្រួសារអ្នកស្លា.ប់ និងអ្នករងរបួសក្នុងព្រឹត្តិការណ៍បុណ្យ Halloween ខណៈសន្យាមិនឱ្យកើតឡើងជាថ្មី

កូរ៉េខាងត្បូង ៖ ថ្នាក់ដឹកនាំរដ្ឋាភិបាលកូរ៉េខាងត្បូង សម្ដែងការសោកស្ដាយ និងចូលរួមឧបត្ថម្ភដល់គ្រួសារអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ផ្អើលរត់ជាន់គ្នាមួយនៅទីប្រជុំជនពេញនិយមនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាស់ហោចណាស់ ១៥១នាក់ ខណៈដែលពិធី បុណ្យ Halloween ចាប់ផ្ដើមឡើង។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo) កាលពីថ្ងៃអាទិត្យមុននេះ បានប្រកាសថា ខាងរដ្ឋាភិបាលនឹងផ្តល់ ការគាំទ្រ ក៏ដូចជាថវិកាឧបត្ថម្ភសម្រាប់គ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួស ក្នុងហេតុការណ៍មនុស្សផ្អើលរត់ជាន់គ្នា កំលុងពិធីបុណ្យ Halloween នៅឯទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ បាទឱ្យដឹងថា នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo) បានបង្កើតក្រុមការងារមួយសម្រាប់គាំទ្រជួយរៀបចំបុណ្យសពដល់ក្រុមគ្រួសារអ្នកស្លាប់ ហើយនឹងជួយយ៉ាងពេញលេញចំពោះការព្យាបាលអ្នកដែលរងរបួស។ ក្រុមការងារនេះ បានចាប់ផ្ដើមហើយអមជាមួយក្រសួងសុខាភិបាល និងសុខុមាលភាព ដែលក្នុងនោះមានការព្យាបាលផ្លូវចិត្ត សម្រាប់គ្រួសារសព និងអ្នករងរបួសផងដែរ។

ហេតុការណ៍មនុស្សផ្អើលរត់ជាន់គ្នាស្លា.ប់ និងរបួសខាងលើនេះ បានកើតឡើងនៅសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល ជា តំបន់ពេញនិយមជាខ្លាំង សម្រាប់ការដើរកម្សាន្តពេលរាត្រី, ហើយតួលេខចុងក្រោយបំផុតពីអាជ្ញាធរកូរ៉េខាងត្បូង គឺមនុស្សចំនួន ១៥១នាក់បានស្លា.ប់ ក្នុងនោះមានជនបរទេស ១៩នាក់ ខណៈអ្នករបួសមាន ៨២នាក់។

ចំណែក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយេល (Yoon Suk-yeol) កាលពីថ្ងៃអាទិត្យមុននេះ ក៏បានប្រកាសផងដែរថា សូមឱ្យប្រជាជនទូទាំងប្រទេសកូរ៉េខាងត្បូង កាន់ទុក្ខដល់អ្នកស្លាប់ខាងលើ។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយទៀតថា លោក យូន ស៊ុកយេល (Yoon Suk-yeol) បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយវិញ។

លោក យូន បានថ្លែងថា រូបលោកមានអារម្មណ៍សោកសង្រេងជាទីបំផុត ពេលឃើញមានសោកនាដកម្មបែបនេះ កើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល ហើយលោកបានប្តេជ្ញាថា នឹងរៀបចំចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍ស្រដៀងគ្នានេះ អាចកើតមានឡើងសាជាថ្មីនាពេលអនាគត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×