Tuesday, September 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហុង សុហួរ៖ គណនីជួញដូរបានកើនដល់ទៅ ៣៥.០០០ គណនី គិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ

ភ្នំពេញ៖ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បាន​មានប្រសាសន៍ថា ចំនួនគណនីជួញដូរបានកើនដល់ទៅ ៣៥.០០០ គណនីគិតត្រឹមត្រីមាសទី៣ឆ្នាំ២០២២នេះ។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យមមានចំនួន ២៦៦.២៨៩ ហ៊ុនក្នុងមួយថ្ងៃ កើនជាប់ត្រីមាសទី៣ ឆ្នាំ២០២១ ចំនួន ១៥៤.៥៣២ ភាគហ៊ុន ស្មើនឹង ១៣៨% ឯទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានចំនួន ៦៥៦.០៥១ ដុល្លារអាមេរិក កើនជាងត្រីមាសទី៣ ឆ្នាំ២០២១ ចំនួន ៤៣៥.១០០ ដុល្លារអាមេរិក ស្មើនឹង  ១៩៧%។ 

ឯកឧត្តម បានបន្តថា ក្នុងឆ្នាំ២០២២នេះ ផ្សារមូលបត្រកម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើនរួមមាន គម្រប់ខួប១០ឆ្នាំរបស់ផ្សារមូលបត្រកម្ពុជា ដែលយើងបានដាក់សម្ពោធនូវកម្មវិធីជួញដូរលើទូរសព្ទដៃដែលមានឈ្មោះថា CSX Trade និងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First Stock” ឆ្នាំ២០២២ ដែលយើងបានដាក់សម្ពោធនូវការបង្កើតគណនីជួញដូរតាមរយៈអនឡាញ។

គិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ផ្សារមូលបត្រកម្ពុជា CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន១៧ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៨ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ នេះបើផ្អែកតាមការអះអាងរបស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២។

ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ក៏បានកើនឡើងជាបន្តបន្ទាប់ ដោយសារក្រុមហ៊ុនទទួលបាននូវប្រភពទុនដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែង ហើយថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល បង្កើនកិត្តិនាមរបស់ខ្លួននៅទីផ្សារជាតិ និងអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ពីដៃគូអាជីវកម្មសក្កានុពល និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន   វិនិយោគិន និងសាធារណជនទូទៅទៀតផង។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការណ៍នេះបង្ហាញពីសញ្ញាណវិជ្ជមាននៃវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងក្នុងត្រីមាសទី៤ ឆ្នាំ២០២២ យើងនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលបន្ថែមយ៉ាងតិចចំនួន ៣ក្រុមហ៊ុនទៀត៕

spot_img
×