រាជធានីឡុងដ៍៖ ក្រោយពេលចក្រភពអង់គ្លេស បានផ្លាស់ប្ដូរនាយករដ្ឋមន្រ្ដីជាបន្ដបន្ទាប់ រហូតដល់តែ៣នាក់ នៅក្នុងរយៈពេលមិនដល់២ខែផង ហើយឥឡូវ នាយករដ្ឋមន្រ្ដីថ្មីទើបនឹងឡើងកាន់តំណែង កាលពីប៉ុន្មានថ្ងៃមុននេះ កំពុងតែរងសម្ពាធកាន់តែធ្ងន់ឡើង ខណៈប្រទេសមហាអំណាចមួយនេះ ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ នៅក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន។
សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ថា លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស នឹងសម្រេចចិត្តយ៉ាងអាម៉ាស់មួយ មិនទៅចូលរួម នៅក្នុងសន្និសីទ ស្ដីពីអាកាសធាតុ COP27 នៅក្នុងប្រទេអេហ្ស៊ីប នៅខែក្រោយ។ ការចូលមកកាន់តំណែងរបស់គាត់ ដូចជា ការមកទទួលមរតក ដោះស្រាយវិបត្ដិសេដ្ឋកិច្ច និង នយោបាយយ៉ាងធ្ងន់ធ្ងរ បន្សល់ទុកពីអ្នកកាន់តំណែងមុនរបស់គាត់។
ក្រុមអ្នកសង្កេតការណ៍ បានរាយការណ៍ ថា លោក បូរីស ចនសុន (Boris Johnson) អតីតនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស គ្រោងនឹងចូលរួម នៅក្នុងសន្និសីទ រយៈពេល៧ថ្ងៃ នៅតំបន់សាមអែលសាក (Sharm el-Sheikh) ប្រទេសអេហ្ស៊ីប។ មេដឹកនាំពិភពលោកជាច្រើន នឹងទៅចូលរួម នៅក្នុងព្រឹត្ដិការណ៍ COP27 នេះ ដើម្បីបង្ហាញពី «សាមគ្គីភាព» ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
អតីតនាយករដ្ឋមន្រ្ដីរូបនេះ នឹងបង្ហាញវត្ដមាន នៅក្នុងកិច្ចប្រជុំ COP27 នៅក្នុងឋានៈជាសមាជិកសភា នឹងធ្វើឲ្យមានការចាប់អារម្មណ៍មួយ ក្រោយពេលគាត់បានចាកចេញពីតំណែង កាលពីជាង៧សប្តាហ៍មុន ហើយកាលពីសប្ដាហ៍មុន បានដកខ្លួនចេញពីការប្រជែងតំណែងនាយកមន្ត្រី។
ក្រុមអ្នកវិភាគ បានយល់ឃើញ ថា សកម្មភាពនេះ ក៏ជាយុទ្ធសាស្ត្រមួយ សម្រាប់ដាក់សម្ពាទៅលើនាយករដ្ឋមន្រ្ដី ទើបនឹងចូលកាន់តំណែង។ ដោយឡែក លោក ស៊ូណាក់ នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស បានអះអាង ថា ឥឡូវ គាត់រវល់ខ្លាំងពេក នៅក្នុងការដោះស្រាយភាពចលាចលខាងសេដ្ឋកិច្ច ដែលកំពុងតែបន្ត កើតមានឡើង នៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែគាត់នៅតែការពារជំហររបស់គាត់ ជុំវិញបញ្ហាប្រែប្រួលអាកាសធាតុនេះដដែល៕ រក្សាសិទ្ធិដោយ ៖ សារាយSN




















