Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងមូស្គូ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង ធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិហក់ឡើងភ្លាម

រដ្ឋធានីមូស្គូ៖ រុស្ស៊ី កាលពីថ្ងអាទិត្យ សប្ដាហ៍មុន បានប្រកាសដកខ្លួន ចេញពីកិច្ចព្រមព្រៀងផ្ដួចផ្ដើមគំនិត ដោយអង្គការសហប្រជាជាតិ និង តួកគី ក្រោយពេលក្រុងមូស្គូ បានចោទប្រកាន់ទៅលើក្រុងកៀវ ពីការវា.យប្រហារ ទៅលើមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅឧបទ្វីបគ្រី ដែលរឹបអូសបានពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ហើយការសម្រេចចិត្តរបស់រុស្ស៊ី បានធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិ ហក់ឡើងប្រហែល៥ភាគរយ។

បណ្ដាផ្សព្វផ្សាយល្បីៗរបស់ពិភពលោក បានរាយការណ៍ ថា រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប តួកគី និងអ៊ុយក្រែន កំពុងតែព្យាយាម ដាក់គំនាបទៅលើរុស្ស៊ី ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដឹកតាមនាវាចំនួន១៦គ្រឿង អាចចាកចេញ តាមច្រកសមុទ្រខ្មៅ ប្រកប ដោយសុវត្ថិភាព ខណៈក្រុងមូស្គូ បានដកខ្លួន ចេញពីការធានាសន្តិសុខ ក្រោយការវា.យប្រហារ ដោយដ្រូន មកលើមូលដ្ឋានកងទ័ពរបស់រុស្ស៊ី ប្រចាំសមុទ្រខ្មៅ។

លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែង ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ហើយលោកកំពុងតែព្យាយាមស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ នៅក្នុងបំណងជួយកាត់បន្ថយបញ្ហាវិបត្តិស្បៀងអាហារ នៅលើពិភពលោក។

ជាមួយនឹងការប្រកាសរបស់រុស្ស៊ី ដកខ្លួនចេញកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅ ត្រឹមតែមួយថ្ងៃក្រោយមក តម្លៃស្បៀងអាហារ បានឡើងថ្លៃ រហូតដល់៥ភាគរយ កាលពីថ្ងៃចន្ទ ទី៣១ ខែតុលា។ អ៊ុយក្រែន និង រុស្ស៊ី ជាប្រទេសនាំចេញស្រូវសាលីដ៏ធំបំផុតមួយ នៅលើសកលលោក។ ចាប់តាំងពីថ្ងៃអាទិត្យ មុននេះមក ក្រោយពេលរុស្ស៊ី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិសុខ នាំគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់ទីផ្សាររបស់ពិភពលោក មិនមានកប៉ាល់ដឹកគ្រាប់ធញ្ញជាតិណាមួយ ហ៊ានចាកចេញពីកំពង់ផៃនោះឡើយ។

ក្រុមមន្រ្ដីក្រុងមូស្គូ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នៅក្នុងពេលកិច្ចប្រជុំ រវាងប្រតិភូពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាំចេញកសិផលនេះ ថា រុស្ស៊ី នឹងបន្តកិច្ចសន្ទនាណាជាមួយនឹងអង្គការសហប្រជាជាតិ និង ប្រតិភូតួកគី លើតែបញ្ហាបន្ទាន់។ បើទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី នៅពុំទាន់មានប្រតិកម្មណាមួយឡើយ ជុំវិញផែនការចង់នាំគ្រាប់ធញ្ញជាតិចាកចេញ កាលពីថ្ងៃចន្ទ នៅឡើយ។ អង្គការណាតូ និង សហភាពអឺរ៉ុប បានជំរុញឲ្យរុស្ស៊ីពិចារណាឡើងវិញ ជុំវិញការសម្រេចចិត្តរបស់ខ្លួន ដកថយ ចេញពីកិច្ចព្រមព្រៀង ផ្ដួចផ្ដើមឡើង ដោយអង្គការសហប្រជាជាតិ និង តួកគី ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់មនុស្សជាតិ នៅលើពិភពលោក ជាពិសេស តំបន់អាហ្វ្រិក។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ ថា លោក ម៉ៃខេល រ៉ាហ្សវ៉ូ ហ្សាយ៉េវ (Mikhail Razvozhayev) អភិបាលក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) បានបញ្ជាក់ ថា ការវា.យប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន កាលពីថ្ងៃសៅរ៍ កន្លងមកនេះ គឺជាការវា.យប្រហារ «ដ៏ធំបំផុត» មួយ មកលើតំបន់ឧបទ្វីបគ្រីមៀ (Crimea)។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ មានការវា.យប្រហារជាញឹកញាប់ មកលើតំបន់ Crimea គ្រប់គ្រងដោយរុស្ស៊ី ក្រោយពេលក្រុងមូស្គូ បានរឹបអូសយក ពីអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤មក។ ដោយឡែក មេដឹកនាំអ៊ុយក្រែន បានអះអាង ពីការដណ្ដើមដែនដីទាំងអស់របស់ខ្លួន ត្រឡប់មកវិញ។

បច្ចុប្បន្ន កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បាន និង កំពុងតែព្យាយាមចង់ដាក់សម្ពាធ ទៅលើទាហានរុស្ស៊ី វិញ ជាមួយនឹងការវា.យលុក នៅភាគខាងត្បូង ដើម្បីការចង់ដណ្តើមយកទឹកដីរបស់ពួកគេ ដែលរុស្ស៊ី បានចូលទៅកាន់កាប់ អស់រយៈពេលច្រើនខែកន្លងមក ចាប់តាំងពីការផ្ទុះសង្គ្រាម នៅលើប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។

អាជ្ញាធរ គាំទ្រដោយក្រុងមូស្គូ នៅក្នុងតំបន់ឃើរសុន (Kherson) បានប្តេជ្ញាប្រែក្លាយទីក្រុងរបស់ខ្លួន ឱ្យក្លាយទៅជាបន្ទាយដ៏រឹងមាំមួយ ហើយពួកគេនឹងការពារមិនឱ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចវាយទម្លុះបានសម្រេចនោះឡើយ។ ការវា.យប្រហារ ដោយយន្តគ្មានមនុស្សបើក ឬ ដ្រូន ទាំងលើអាកាស និង ក្រោមទឹក កំពុងតែមានក្តីបារម្ភ ថា រុស្ស៊ីអាចនឹងសងសឹកវិញ ដោយរបៀបណា ក្រៅពីការដកខ្លួន ចេញពីកិច្ចព្រមព្រៀងការនាំគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅទីផ្សាររបស់ពិភពលោក៕រក្សាសិទ្ធិដោយ ៖ សារាយSN

×