Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំកំពូលធុរកិច្ច  និងវិនិយោគអាស៊ានឆ្នាំ២០២២ សម្រាប់សហគមន៍ធុរកិច្ច ថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ពិភាក្សាគ្នាអំពីការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖  សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច  និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ដ្រី ធុរជន ក៏ដូចជា អ្នកជំនាញ មកពីប្រទេស អាស៊ាន  និងដៃគូសន្ទនារបស់អាស៊ាន។ កិច្ចប្រជុំនេះ ជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំ​នេះ ត្រូវ​បា​នធ្វើឡើង​វិលជុំ​ប្រចាំឆ្នាំ ប៉ុន្តែ​ជា​អកុសល ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​មកនេះ កិច្ចប្រជុំ​មិន​បានរៀបចំ​ធ្វើ​នោះទេ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩។ នៅ​ឆ្នាំនេះ ពិតជា​មាន​ភ​ព្វ​សំណាង​សម្រាប់​កម្ពុជា ដែល​បាន​គ្រប់គ្រង​នូវ​ជំងឺ​នេះ​បាន​ដោយ​ជោគជ័យ និង​រៀបចំ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ និង​កិច្ចប្រជុំ​កំពូល​ផ្សេងទៀត​​។​

​ឧកញ៉ាលឹម ហេង ​បន្តថា កិច្ចប្រជុំ​កំពូល​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុង​បង្ហាញ​នូវ​សក្តានុពល និង​កាលានុវត្តភាព​ទៅ​ធុរជន​មកពី​តំបន់ និង​ពិភពលោក ដែល​បាន​ចូល​រួម​អមដំណើរ​ថ្នាក់ដឹកនាំ​កំពូល​មកពី​អាមេរិក ចិន កាណាដា កូរ៉េ និង​រុស្ស៊ី​ជាដើម។​

បើយោងតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលធុរកិច្ច  និងវិនិយោគអាស៊ានឆ្នាំ២០២២ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ច  និងវិនិយោគអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាន  និងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរជនជាតិ  និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជ ធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១០០០នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ៕

×