ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន លើកយកព្រឹត្តិការណ៍នៅប្រទេសអង់គ្លេស មកប្រៀបធៀបនឹងអំណាចរដ្ឋសភានៅកម្ពុជា បំភ្លឺអ្នករិះគន់ខ្លះខ្មៅងងឹតពេក

ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ជាង៦ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា សិទ្ធិអំណាចរបស់រដ្ឋសភានៅអង់គ្លេស គឺស្ទើរតែគ្មាន, ដែលផ្ទុយពីសិទ្ធិអំណាចរបស់រដ្ឋសភាកម្ពុជា ដែលមានគ្រប់គ្រាន់ក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការជ្រើសតាំងនាយករដ្ឋមន្ដ្រី។

ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺជាការឆ្លើយតបទៅនឹងក្រុមប្រឆាំងផ្កាប់មុខ ក្រុមប្រឆាំងចិត្តខ្មៅហួសហេតុ ដោយសម្ដេចបានលើកយកប្រទេសអង់គ្លេស មកលាតត្រដាងពន្យល់ថា ពាក់ព័ន្ធព្រឹត្តិការណ៍តែងតាំង និងផ្លាស់ប្ដូរនាយករដ្ឋមន្ដ្រីអង់គ្លេស គឺជាការបង្ហាញយ៉ាងច្បាស់ទៅក្រុមអ្នករិះគន់គំនិតទុច្ចរិតឱ្យបានភ្លឺភ្នែក ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជា ដែលពួកគេធ្លាប់តែរិះគន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វាដូចជាផ្ដល់ឱកាសឲ្យយើងសម្រាប់បំភ្លឺមនុស្សមួយចំនួនដែលងប់ងល់នឹងការរិះគន់បែបខ្មៅងងឹត, គឺឆ្លងកាត់ព្រឹត្តិការណ៍ប្រទេសអង់គ្លេសថ្មីៗនេះ នឹងធ្វើឲ្យមនុស្សមួយចំនួនដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់យើង បានភ្លឺភ្នែកថា តើរបបសភានៅអង់គ្លេស ក្រោមរបបរាជានិយមអាស្រ័យធម្មនុញ្ញ, គេធ្វើយ៉ាងមិច? តួនាទីសភាស្ទើរតែគ្មាន, សម្រាប់យើងវិញ តួនាទីសភា គឺមានពេញលេញ, តួនាទីរដ្ឋសភារបស់យើង ខ្លាំងជាងនៅប្រទេសដទៃ រាប់ទាំងប្រទេសអង់គ្លេស និងម៉ាឡេស៉ី ជាដើម…។

សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មលើកទី១០ គឺជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញនោះទេ ដូចជា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ), មាត្រា៨៩ , មាត្រា៩៨ថ្មី , មាត្រា ១០២ថ្មី , មាត្រា១១៩ថ្មី (មួយ) , និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យោងតាមមាត្រា១១៩ថ្មី (ពីរ) ដែលជាកម្មវត្ថុនៃការស្នើធ្វើវិសោធនកម្មនាពេលនេះកំណត់ថា ការតែងតាំងនាយករដ្ឋមន្ត្រី និងការតែងតាំងសមាជិកដទៃទៀត នៃគណៈរដ្ឋមន្ត្រី គឺត្រូវឆ្លងរដ្ឋសភាទាំងអស់ និងមិនមានការរំលងអំណាចរបស់រដ្ឋសភាដូចការលើកឡើងនោះឡើយ ព្រោះរដ្ឋសភានៅតែជាស្ថាប័នបង្កើតរាជរដ្ឋាភិបាលដដែល តាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល។

នាយករដ្ឋមន្ត្រីនៅកម្ពុជា មានតួនាទីជ្រើសតាំងរដ្ឋមន្ត្រីក្រសួងណាមួយ ឬសមាជិករាជរដ្ឋាភិបាល ធ្វើឡើងស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ត្រង់ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី គឺមាត្រា២១ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលរូបនោះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ៕ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម