រុស្ស៊ី ៖ ជាមួយនឹងការមិនយល់ស្របចំពោះសង្គ្រាមបង្ហូរឈា.មនៅអ៊ុយក្រែន របស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនោះ មហាសេដ្ឋីជនជាតិរុស្ស៉ី លោក អូឡេក ទីនកូវ (Oleg Tinkov) បានសម្រេចចិត្តបោះបង់សញ្ជាតិរបស់ខ្លួនចោល ហើយរិះគន់ថា «ការធ្វើសង្គ្រាមលុកលុយនៅអ៊ុយក្រែន ជារឿងដ៏ឆោតល្ងង់មួយ»។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មហាសេដ្ឋីវ័យ៥៤ឆ្នាំ លោក អូឡេក ទីនកូវ ដែលកំពុងរស់នៅក្រៅប្រទេសរុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាននិយាយថា ខ្ញុំសង្ឃឹមថា ពាណិជ្ជកររុស្ស៊ីលេចធ្លោបន្ថែមទៀត នឹងធ្វើតាមខ្ញុំ ដូច្នេះវាធ្វើឲ្យរបបរបស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចុះខ្សោយ និងធ្លាក់ចុះខាងផ្នែកសេដ្ឋកិច្ច។
លោក អូឡេក ទីនកូវ បានសរសេរនៅលើគណនី Instagram របស់លោកកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ខ្ញុំបានសម្រេចចិត្តចាកចេញពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ, ខ្ញុំមិនអាចផ្សារភ្ជាប់ខ្លួនឯង ជាមួយនឹងប្រទេសហ្វាស៊ីស ដែលបានចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ្នកជិតខាងរបស់ពួកគេ និងបានស.ម្លាប់មនុស្សស្លូតត្រង់ជារៀងរាល់ថ្ងៃឡើយ។
លោក ទីនកូវ មហាសេដ្ឋីរុស្សីលំដាប់កំពូលរូបនេះ គឺជាស្ថាបនិកនៃធនាគារ ទីនអហ្វ (Tinkoff) ជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំបំផុតមួយរបស់រុស្ស៊ី ហើយមានអតិថិជនចំនួន ២០លាននាក់, កាលពីខែមេសា លោក ទីនកូវ ធ្លាប់បានអំពាវនាវដល់មេដឹកនាំលោកខាងលិច ឲ្យជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននេះផងដែរ ប៉ុន្តែចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការវាយលុកដោយកម្លាំងយោធាមកនេះ គឺជាង ៨ខែ ហើយ សង្គ្រាមមិនទាន់អាចបញ្ចប់បាននៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















