អាហ្វហ្កានីស្ថាន ៖ បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អតីតឧត្តមសេនីយ៍អាហ្វហ្កានីស្ថានចំនួន ៣រូប ដែលគ្រប់គ្រងកូនទាហានជាច្រើនម៉ឺននាក់បានប្រាប់បណ្ដាញផ្សព្វផ្សាយ ឲ្យដឹងថា រុស្ស៉ី មានបំណងទាក់ទាញអតីតកងកុម្មង់ដូអាហ្វហ្កានីស្ថានរាប់ពាន់នាក់ ឲ្យចូលរួមក្នុងក្រុម «កងកម្លាំងបរទេស» របស់ខ្លួន សម្រាប់បញ្ជូនទៅធ្វើ សង្រ្គាមនៅអ៊ុយក្រែន ដោយផ្តល់ប្រាក់បៀវត្សរ៍ក្នុង១ខែ ចំនួន ១,៥០០ដុល្លារ ហើយសន្យាថា នឹងផ្តល់កន្លែងជ្រកកោនសុវត្ថិភាព សម្រាប់ពួកគេនិងក្រុមគ្រួសារថែមទៀត ដើម្បីឱ្យពួកគេអាចចៀសវាងពីការបណ្តេញត្រឡប់ទៅកាន់អាហ្វហ្កានីស្ថានវិញ ជាកន្លែងដែលមនុស្សជាច្រើនសន្មត់ថា ពួកគេអាចនឹងស្លា.ប់ក្រោមស្នាដៃរបស់ពួកតាលីបង់។
មានន័យថា កងកុម្មង់ដូអាហ្វហ្កានីស្ថានដែលធ្លាប់ប្រយុទ្ធរួមគ្នាជាមួយទាហានអាមេរិក ទៅលើពួកតាលីបង់ ហើយបន្ទាប់មកបានភៀសខ្លួន ទៅកាន់ប្រទេសអ៉ីរ៉ង់ ក្រោយការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន កាលពីឆ្នាំមុននោះ ឥលូវនេះត្រូវបានរុស្ស៉ីទាក់ទងជ្រើសរើសឲ្យទៅប្រយុទ្ធនៅក្នុងសង្គ្រាមអ៊ុយក្រែន។
ការជ្រើសរើសកងកុម្មង់ដូអាហ្វហ្កានីស្ថាននេះ គឺដឹកនាំដោយកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ី គឺក្រុម Wagner Group, កងកុម្មង់ដូអាហ្វហ្កានីស្ថាននេះ ត្រូវបានព្រមានជាច្រើនខែមកហើយពីសំណាក់ទាហានអាមេរិក ដែលធ្លាប់បានប្រកៀកស្មាគ្នាប្រយុទ្ធ ប្រឆាំងនឹងកងទាហានតាលីបង់ ថា ពួកតាលីបង់មានចេតនាសម្លាប់ពួកគេ ក្រោមលេសថាពួកគេចូលរួមជាមួយសត្រូវ។
សូមបញ្ជាក់ថា កងកម្លាំងពិសេសអាហ្វហ្កានីស្ថានប្រមាណពី ២ម៉ឺននាក់ ទៅ ៣ម៉ឺននាក់ ធ្លាប់បានប្រយុទ្ធរួមគ្នាជាមួយ កងកម្លាំងអាមេរិកក្នុងអំឡុងសង្គ្រាមរយៈពេល២ទសវត្សរ៍ ហើយមានតែមន្ត្រីជាន់ខ្ពស់ប្រមាណ ២០០ ទៅ ៣០០នាក់ប៉ុណ្ណោះ ដែលបានចាកចេញពីប្រទេស នៅពេលដែលយោធាអាមេរិក ដកខ្លួនចេញពីអាហ្វហ្កានីស្ថាន ប្រសិនបើមេបញ្ជាការរបស់ពួកគេ កេណ្ឌកូនទាហានឲ្យចូលជួរវិញនោះ ពួកគេនឹងអាចមានលទ្ធភាពចូលរួមស៊ីឈ្មួលជាមួយរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















