រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលកងទ័ពជើងទឹកសហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងថ្មី និង ធំបំផុតរបស់ពិភពលោក ជាលើកដំបូង ទៅកាន់ចក្រភពអង់គ្លេស នោះ ប្រមុខការទូតរបស់ប្រទេសមហាអំណាច នៅតំបន់អឺរ៉ុប មួយនេះ បានព្រមានអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរដល់រុស្ស៊ី ប្រសិនបើមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ហ៊ានសម្រេចចិត្តប្រើប្រាស់អាវុធមហាប្រល័យលោក តាមអ្វីដែលក្រុងមូស្គូ ធ្លាប់តែគំរាមកំហែងជាញឹកញាប់។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស UK Defense Journal បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងថ្មីដ៏ធំបផុតរបស់ពិភពលោក ប្រភេទ USS Gerald R. Ford អមដំណើរ ដោយកងនាវាចម្បាំងជាច្រើនគ្រឿងផ្សេងទៀត ទៅចូលសំចត នៅក្នុងកំពង់ផែ ទីក្រុងផតស្មៅ (Portsmouth) ស្ថិតនៅភាគខាងត្បូង ចក្រភពអង់គ្លេស។
សហរដ្ឋអាមេរិក បានដាក់ពង្រាយកងនាវាប្រយុទ្ធ ដឹកនាំដោយនាវាផ្ទុកយន្ដហោះដ៏ធំបំផុតរបស់ពិភពលោក USS Gerald R. Ford មានតម្លៃ១៣ពាន់លានដុល្លារ ជាលើកដំបូង ទៅកាន់តំបន់អឺរ៉ុប ខណៈបច្ចុប្បន្ន កងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក មួយក្រុមទៀត ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS George H. W. Bush (CVN-77) កំពុងតែដាក់ពង្រាយ នៅសមុទ្រមេឌីទែររ៉ាណេ។ នេះជាការដាក់ពង្រាយកងនាវាចម្បាំងដ៏ធំរបស់សហរដ្ឋអាមេរិក នៅតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
ទោះជាយ៉ាងណា សេចក្ដីរាយការណ៍ដដែលនោះ មិនមានបានបញ្ជាក់ អំពីពេលវេលាទៅដល់ របស់កងនាវាចម្បាំងសហរដ្ឋអាមេរិក សរុបទាំង៨គ្រឿងនោះឡើយ ព្រោះវាជាកិច្ចការសំខាន់ពាក់ព័ន្ធនឹងស្ថានការណ៍សន្តិសុខ នាពេលបច្ចុប្បន្ន។ ប៉ុន្ដែនៅពេលទៅដល់ដែនទឹករបស់ចក្រភពអង់គ្លេស គេរំពឹង ថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក មួយចំនួន នឹងចូលសំចត នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករបស់ប្រទេសមហាអំណាចតំបន់អឺរ៉ុបមួយនេះ ស្ថិតក្នុងទីក្រុង Portsmouth ខណៈនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford នឹងត្រូវចត នៅក្បែរនោះដែរ ព្រោះវាមានទំហំពេក។
កងទ័ពសហរដ្ឋអាមេរិក បានដាក់ឲ្យដំណើរការនាវាផ្ទុកយន្ដហោះដ៏ធំបំផុតរបស់ពិភពលោក USS Gerald R. Ford ជាលើកដំបូង នៅក្នុងអំឡុងឆ្នាំ២០១៧ ហើយចាប់ផ្ដើមធ្វើនាវាចរណ៍ ទៅនាយសមុទ្រ ជាលើកដំបូង កាលពីដើមខែតុលា ឆ្នាំ២០២២។ នាវាផ្ទុកយន្ដហោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ មានបណ្ដោយប្រវែង៣៣៣ម៉ែត្រ ហើយអាចផ្ទុកយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 និង ឧទ្ធម្ភាគចក្រ សរុប៩០គ្រឿង។
បើតាមគម្រោងរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក គឺនាវាផ្ទុកយន្ដហោះ USS Gerald R. Ford នឹងក្លាយជានាវាផ្ទុកយន្តហោះចម្បាំងទី២ ចូលទៅធ្វើប្រតិបត្តិការ នៅលើដែនទឹករបស់អឺរ៉ុប។ បច្ចុប្បន្ន នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក USS George H. W. Bush (CVN-77) អមដំណើរដោយកងនាវាចម្បាំងផ្សេងៗទៀត កំពុងតែស្ថិតក្នុងសមុទ្រអាឌ្រីយ៉ាទិច (Adriatic Sea) បន្ទាប់ពីចូលរួមសមយុទ្ធយោធារបស់អង្គការ NATO នៅសមុទ្រមេឌីទែរ៉ាណេ កាលពីចន្លោះថ្ងៃទី១៤-២៨ ខែតុលា។
សកម្មភាពរបស់កងនាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក នាពេលនេះ បានកើតឡើង ស្របគ្នានឹងចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ បានព្រមានដល់លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើក្រុងមូស្គូ ហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមអ៊ុយក្រែន។
លោក ជែមស៍ ក្លេវឺលី (James Cleverly) រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសភាអង់គ្លេស ថា រុស្ស៉ី មិនត្រូវបង្កឲ្យមានឧបសគ្គណាមួយ ដល់ការនាំចេញ គ្រាប់ធញ្ញជាតិ ចេញពីប្រទេសអ៊ុយក្រែន តាមច្រកសមុទ្រខ្មៅ នោះឡើយ។
លោកប្រមុខការទូតចក្រភពអង់គ្លេស បានបន្ថែម ថា សេចក្ដីថ្លែងការណ៍គំរាមកំហែងរបស់វិមានក្រឹមឡាំង នាពេលកន្លងមក គ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍ កើតចេញពីបរាជ័យរបស់ទាហានរុស្ស៊ី នៅលើសមរភូមិសង្រ្គាម នៅអ៊ុយក្រែន តែប៉ុណ្ណោះ។ ប៉ុន្ដែវាមិនមានប្រទេសណាមួយ កំពុងនិយាយ អំពីការប្រើអាវុធនុយក្លេអ៊ែរនោះដែរ ហើយក៏មិនមានប្រទេសណាមួយ គំរាមកំហែងពីអាវុធដ៏គ្រោះថ្នាក់ ទៅលើប្រទេសរុស្ស៉ី ឬ លោក ពូទីន នោះឡើយ។
លោកប្រមុខការទូត រូបនេះ បានបន្ដថា មេដឹកនាំវិមានក្រឹមឡាំង គួរណាស់តែដឹងឱ្យច្បាស់ ថា ចក្រភពអង់គ្លេស និង សម្ពន្ធមិត្តបស្ចិមលោក នឹងធ្វើឲ្យរុស្ស៊ី ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាចនឹងផ្លាស់ប្ដូរធម្មជាតិជម្លោះនេះ។
ប្រមុខការទូតចក្រភពអង់គ្លេស រូបនេះ បានព្រមានដល់មេដឹកនាំវិមានក្រឹមឡាំង ក្រោយពេលក្រសួងការពារជាតិរុស្ស៉ី បានចោទប្រកាន់ចក្រភពអង់គ្លេស ជាអ្នកបំផ្ទុះបំផ្លាញ បំពង់ឧស្ម័ន Nord Stream កាលពីខែតុលាកន្លងទៅ និង ជាអ្នកជួយជ្រោមជ្រែង ដល់ការវាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន ប្រឆាំងនឹងមូលដ្ឋានកងទ័ពរុស្ស៉ី នៅឧបទ្វីបគ្រីមៀ។ ទោះជាយ៉ាងណា ការចោទប្រកាន់របស់រុស្ស៊ី ក៏ត្រូវបានចក្រភពអង់គ្លេស ច្រានចោលទាំងស្រុង៕ រក្សាសិទ្ធិដោយ ៖ សារាយSN
































