បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានអនុវត្តដីការបង្គាប់របស់ចៅក្រមជំនុំជម្រះនៃតុលាការខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនបញ្ជូនទៅឃុំឃាំងនូវពិរុទ្ធជនឈ្មោះកៅ សុធា ភេទប្រុស ជាអគ្គនាយកក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប(ACG) ករណីឆបោកគិតលុយ១០ម៉ឺនដុល្លារ ក្នុងរឿងដីធ្លីនៅម្តុំសួនស្ព័រ ភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
ពិរុទ្ធជន ឈ្មោះកៅ សុធា អគ្គនាយកក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប(ACG) ករណីឆបោកលុយជាង១០ម៉ឺនដុល្លារអាមេរិក លក់ដីគេម្តុំសួនស្ព័រ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
ប្រភពព័ត៌មានមួយពីសមត្ថកិច្ចបានបង្ហើបប្រាប់គេហទំព័រCEN ថ្ងៃទី៩វិច្ឆិកាថា ៖ ការឆ្មក់ចាប់ខ្លួននោះធ្វើឡើងនៅម្តុំម៉ោង៥ល្ងាចថ្ងៃទី៨វិច្ចិកា ខណៈពិរុទ្ធជនរូបនេះ ទៅកាន់ខេត្តនេះ។ នៅព្រឹកថ្ងៃទី៩ វិច្ចិកា នគរបាលបាននាំខ្លួនជននេះមកកាន់តុលាការខេត្ត ហើយនៅថ្ងៃត្រង់ ចៅក្រមជំនុំជម្រះបានបញ្ជាអោយនាំជននេះទៅដាក់ពន្ធនាគារខេត្តដើម្បីឃុំខ្លួនរយ:ពេល២ឆ្នាំ។ ពោលគឺបន្ទាប់ពីកាត់ក្តីកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៧ និងបានសាលក្រមព្រហ្មទណ្ឌលេខ ១៧(ឆ១)ចុះថ្ងៃទី២០ កក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបង្ហើបបន្ថែមថា ៖ ការចាប់ខ្លួននេះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួន លេខ ១៧៣ដប/១៧ របស់លោក ផេង កុសល ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៧ ដើម្បីឃុំខ្លួនរយ:ពេល ២ឆ្នាំ។ យោងដីកានោះ ពិរុទ្ធជនឈ្មោះកៅ សុធា ភេទប្រុសអាយុ៤៦ឆ្នាំផ្ទះលេខ១C ផ្លូវលេខ៣៥១ ភូមិតាង៉ូវសង្កាត់និរោធខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអគ្គនាយ កក្រុមហ៊ុនអូស្ត្រាលី កម្ពុជាហ្គ្រុប(ACG)។
ជននេះមានទំនាក់ទំនងនិងរកស៊ីហ៊ុនគ្នាជាមួយបក្ខពួក ឈ្មោះ អ៊ុយ សុភាព ភេទប្រុស ជនជាតិអូស្ត្រាលីដើមកំណើតខ្មែរ។ ឈ្មោះអ៊ុយ សុភាព ធ្លាប់រកស៊ីរួមគ្នាក្នុងក្រុមហ៊ុនACG នេះ។ តែឈ្មោះអ៊ុយ សុភាព នៅបានរកស៊ីមួយទៀតក្នុងក្រុមហ៊ុនស៊ីម៉ង់ត៍ដំរី ខនគ្រីត (បេតុងលាយស្រាប់រូបដំរី) នៅក្រុងប៉ោយប៉ែត និងសំណង់ភោជនីយដ្ឋាននៅខាងក្រោយភ្នំស្វាយក្រុងសិរីសោភ័ណជាមួយលោកភីតធឺរ Peter) ជនជាតិអូស្ត្រាលី ដើមកំណើតអាល្លឺម៉ង់ ក្នុងបទរំលោភលើសេចក្តីទុកចិត្តទឹកប្រាក់កន្លះលានដុល្លារអាមេរិក ហើយត្រូវកាត់ទោសនិងជាប់ពន្ធនាគារចំនួន៥ឆ្នាំ តាំងពីឆ្នាំ២០១៥មក។
ចំពោះពិរុទ្ធជន កៅ សុធា នេះត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យកាត់ទោសកំបាំងមុខកន្លងមក ករណីឆបោក (រឿងយកដីអ្នកដទៃ ដែលបានចូលហ៊ុនរកស៊ីក្នុងក្រុមហ៊ុនACG ទៅលក់យកលុយតែម្នាក់ឯង) ស្ថិតម្តុំសួនស្ព័រនៅផ្លូវជាតិលេខ៥ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យតាំងពី២០១០ ក្នុងសំណុំរឿងពហ្មទ័ណ្ឌលេខ:៥៤៣ចុះថ្ងៃទី២២ខែតុលាឆ្នាំ២០១០។
ឈ្មោះ កៅ សុធា បានយកដីដូចខាងលើលក់អោយអតិថិជនជាច្រើននាក់ ជាពិសេសអ្នកនៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី។ ជននេះក៏ត្រូវបានចាប់ខ្លួនម្តងហើយករណីឆបោកដដែលនេះ ប៉ុន្តែមិនត្រូវបានចៅក្រមនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យជំនាន់លោក ផាន់ វណ្ណរ័ត្ន ចេញដីកានិងបញ្ជូនទៅឃុំខ្លួនឡើយ។ ជននេះក៏ធ្លាប់អួតអាងពីខ្សែអ្នកធំ ហើយមានគំនិតទុច្ចរឹតក្នុងការរកស៊ីចូលហ៊ុនក្នុងអាជីវកម្មអចលនវត្ថុធ្វើសំណង់ផ្ទះល្វែង ផ្សារទំនើបនៅម្តុំសួនស្ព័រនោះ។ ទើបពេលនេះ តុលាការបានចេញដីកាថ្មីបង្គាប់អោយចាប់ខ្លួន បញ្ជូនទៅអោយបំពេញនិតិវិធីនៃសំណុំរឿងនៅការិយាល័យចៅក្រមសាលាដំបូងខេត្ត ហើយបញ្ជូនចូលគុកនៅថ្ងៃត្រង់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា ករណីនេះប្រភពមួយថា ដើមបណ្តឹងប្តឹងទារសំណង១០ម៉ឺនដុល្លារអាមេរិក តែសាលក្រមសម្រេចកាត់ក្តីអោយសងការខូចខាតនិងជម្ងឺចិត្ត ៧ម៉ឺនដុល្លារអាមេរិក៕ ដោយ ៖ បន្ទាយ