ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ចង់បង្កើតលេខាធិការដ្ឋានមួយឲ្យបានឆាប់ អាចដាក់នៅភ្នំពេញ ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដោយបើកចំហបេះដូងថា កម្ពុជាពិតជាចង់ឱ្យមានទីតាំងលេខាធិការដ្ឋាន អាសិប (RCEP) នៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រ និងសម្បទានចាំបាច់នានា សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងតំបន់ និងសាកល, ព្រោះអាសិប (RCEP) នឹងជាប្រព័ន្ធការពារពាណិជ្ជកម្មផ្ដល់ប្រយោជន៍ទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ នាឱកាសបើកវេទិកាជាន់ខ្ពស់ ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP = Regional Comprehensive Economic Partnership) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានមហិច្ឆតា ចង់ក្លាយជាលេខាធិការអាសិប (RCEP) និងចង់បង្កើតលេខាធិការដ្ឋាន អាសិប (RCEP) មួយនៅភ្នំពេញ ដែលមានប្រទេស១៥ គឺសមាជិកអាស៊ាន និងដៃគូ ៥ទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី និងណូវែលហ្សេឡង់, ហើយសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀង អាសិប (RCEP) នេះ នៅពេលដែលកម្ពុជាដាក់សំណើជាផ្លូវការ, នេះជាការបង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់យើង ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្ម សេរីពហុភាគី និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា។

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប = RCEP) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ និងបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។

ប៉ុន្តែសភាពការណ៍ថ្មីៗនេះ ពិភពលោកកំពុងមានហានិភ័យស្រួចស្រាល ដូចជា ការប្រែប្រួលអាកាសធាតុ, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យានានា ជាពិសេសភាពតានតឹងភូមិសាស្ត្រនយោបាយនៃសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ បញ្ហាទាំងអស់នេះ កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិនអាចប៉ាន់ប្រមាណបាន និងអាចបង្កើតជាភាពស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសាកល សម្រាប់រយៈពេលខ្លី និងមធ្យម, ដូច្នេះ ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគីសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន លើកបង្ហាញថា ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាព សម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុង ការធ្វើសមាហរណកម្មតំបន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម