Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក មើលឃើញកម្លាំងសត្រូវធំៗ បញ្ជូនអាវុធទៅឲ្យរុស្ស៊ី

រដ្ឋធានីវ៉ាស៊ីនតោន៖ គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា សង្គ្រាមរបស់មេដឹកនាំវិមានក្រឹឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល២៥៣ថ្ងៃកន្លងមកហើយ នៅតែរកទីបញ្ចប់ជម្លោះ មិនទាន់ឃើញ ហើយសហរដ្ឋអាមេរិក ក៏បានមើលឃើញ កាន់តែច្បាស់ អំពីកម្លាំងសត្រូវរួមធំៗ កំពុងតែបញ្ជូនគ្រឿងយុទ្ធោបករណ៍ ទៅកាន់ប្រទេសរុស្ស៊ី ខណៈកំពុងតែជាប់ផុងយ៉ាងជ្រៅ នៅក្នុងសង្គ្រាមអ៊ុយក្រែន។

សារព័ត៌មាន និង ទស្សនាវដ្ដីអនឡាញរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាគោលនយោបាយការបរទេសដ៏តឹងតែងបំផុតមួយចំនួន កំពុងតែធ្វើឲ្យសហរដ្ឋអាមេរិក ប្រឈមុខនៅអឺរ៉ុប អាស៊ីបូព៌ា និង មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមដាក់បញ្ចូលគ្នា។ ជាមួយគ្នានេះដែរ មន្ត្រីសហរដ្ឋអាមេរិក បានចោទប្រកាន់ដល់កូរ៉េខាងជើង ថា ក្រុងព្យុងយ៉ាង បានចូលរួមជាមួយប្រទេសអ៊ីរ៉ង់ ជួយផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅដល់ប្រទេសរុស្ស៊ី សម្រាប់សង្គ្រាមរបស់ក្រុងមូស្គូ កំពុងតែបន្ត នៅក្នុងប្រទេសអ៊ុយក្រែន។

លោក ចន ឃើរប៊ី (John Kirby) អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្រ្ដ ក្រុមប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រាប់ដល់អ្នកសារព័ត៌មាន ថា ក្រុងព្យុងយ៉ាង កំពុងតែផ្គត់ផ្គង់ ដោយសម្ងាត់ ជួយដល់សង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ ខណៈធ្វើឱ្យមានការភ័ន្តច្រឡំ លើការដឹកជញ្ជូន ដោយការធ្វើឱ្យដូចជាពួកគេកំពុងតែធ្វើដំណើរទៅកាន់បណ្ដាប្រទេសមជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង។

លោក ចន ឃើរប៊ី (John Kirby) ក៏បានពិភាក្សា អំពីការវាយតម្លៃ កាលពីពេលមុន ដោយបង្ហាញ ថា អ៊ីរ៉ង់ បានបង្វែរយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនទៅកាន់ប្រទេសរុស្ស៊ី។ សកម្មភាពបែបនេះ ត្រូវបានមើលរួចមកហើយ នៅក្នុងអ៊ុយក្រែន ហើយឥឡូវនេះ ក៏អាចស្ថិតក្នុងដំណើរការបញ្ជូនមីស៊ីល បាញ់ពីលើដីទៅអាកាស សម្រាប់ប្រើប្រាស់ នៅក្នុងជម្លោះ រវាងក្រុងកៀវ និង ក្រុងមូស្គូ ថែមទៀតផង។

លោក ចន ឃើរប៊ី បានបញ្ជាក់ ថា «ឥឡូវ រដ្ឋការរបស់លោក ចូ បៃដិន (Joe Biden) ប្រធានធិបតីសហរដ្ឋអាមេរិក មានព្រួយបារម្ភខ្លាំងជាងពេលលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចាប់ផ្ដើមធ្វើសង្គ្រាម នៅថ្ងៃដំបូង ប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ទៅទៀត។ ដោយសារពេលនោះ មេដឹកនាំរុស្ស៊ី មិនបានពឹងផ្អែកលើប្រភពគាំទ្រ មកពីប្រទេសណាមួយនោះឡើយ»។

អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្រ្ដ ក្រុមប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក រូបនេះ បានបន្ថែម ថា «ឥឡូវនេះ ដោយសារតែលោក ពូទីន បន្តបាត់បង់ដែនដីគ្រប់គ្រង បាត់បង់កម្លាំងទាហាន បាត់បង់សន្ទុះមិនអាចវាយរុលទៅមុខបាន ពូទីន កំពុងតែរត់ហួសព្រំដែនរបស់គាត់ សម្រាប់ជំនួយគាំទ្រ។ នេះជាសញ្ញាបង្ហាញ ពីភាពឯកោ ដោយសារគាត់បន្តមានសម្ពាធលើសេដ្ឋកិច្ច មានមូលដ្ឋានផ្អែកលើឧស្សាហកម្មការពារជាតិផ្ទាល់ខ្លួនរបស់គាត់ មិនអាចរត់តាមទាន់ល្បឿន ដែលគាត់កំពុងតែប្រើប្រាស់គ្រឿងសព្វាវុធ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន»។

លោក ចន ឃើរប៊ី បានបន្ដ ថា «នេះវាក៏ជាសញ្ញាមួយបង្ហាញ អំពីចំនួនគ្រឿងសព្វាវុធ ដែលលោក ពូទីន កំពុងតែថយចុះទ្វេដង នៅក្នុងការបន្តសង្រ្គាម ទើបពូទីន សុខចិត្តចេញទៅក្រៅប្រទេស ដូចជា ការស្វែងរកអ្នកផ្គត់ផ្គង់គ្រឿងចម្បាំងពីបរទេស ដើម្បីបន្តសម្លាប់ជនជាតិអ៊ុយក្រែន។ បញ្ហានេះ ពាក់ព័ន្ធនឹងរដ្ឋណាមួយ នៅជុំវិញពិភពលោក នឹងគាំទ្រលោក ពូទីន ដោយផ្ទាល់ ឬដោយប្រយោល»។

លោក Kirby បានលើកឡើងទៀត ថា វាមិនទំនង ថា កម្រិតគាំទ្របច្ចុប្បន្ន សង្ស័យ ថា ក្រុងម៉ូស្គូ កំពុងតែទទួលបានពីក្រុងព្យុងយ៉ាង ឬ ក្រុងតេអ៊ីរ៉ង់ នឹងគ្រប់គ្រាន់ សម្រាប់ផ្លាស់ប្តូរជំនោរជម្លោះនេះ។ ប៉ុន្ដែសហរដ្ឋអាមេរិក នឹងបន្តអនុវត្តវិធានការទទួលខុសត្រូវសមស្រប ប្រឆាំងនឹងប្រទេសទាំងពីរនេះ ដោយចាប់ផ្តើមជាមួយអង្គការសហប្រជាជាតិ។

ការអត្ថាធិប្បាយរបស់លោក ចន ឃើរប៊ី បានកើតឡើង ចំពេលមានការវិវឌ្ឍដ៏ចលាចលដាច់ដោយឡែក ជុំវិញកូរ៉េខាងជើង និង អ៊ីរ៉ង់ ដោយបង្ហាញពីការពង្រីកវិសាលភាព នៃបញ្ហាប្រឈមអន្តរជាតិ ដោយរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែប្រឈមមុខ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×