ថ្ងៃទី ៩វិច្ឆកានេះគឺជាខួបលើកទី ៦៤នៃទិវាឯករាជ្យជាតិរបស់កម្ពុជា។ ប្រជាជនខ្មែរទូទាំងប្រទេសចូលរួមអបអរ និងរំលឹកថ្ងៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទាមទារឯករាជ្យបានពេញលេញពីបារាំង ក្រោយពេលស្ថិតក្រោមនឹមត្រួតត្រារបស់ប្រទេសនេះអស់រយៈពេល ៩០ឆ្នាំ (១៨៦៣-១៩៥៣)។
ក្រៅពីការអបអរថ្ងៃបុណ្យឯករាជ្យជាតិពីសំណាក់ប្រជាជនខ្មែរ ពិភពលោកក៏បានចូលរួមជាមួយនឹងកម្ពុជាដើម្បីអបអរសាទរទិវានេះផងដែរ ពោលគឺក្រុមហ៊ុន Facebook និង Google និងក្រុមបាល់ទាត់ដ៏ល្បីឈ្មោះមួយនៅអាឡឺម៉ង់ ក៏បានចូលរួមអបអរជាមួយនឹងកម្ពុជាផងដែរ។
នៅលើទំព័រដើម ក្រុមហ៊ុន Google បានបញ្ជូលទង់ជាតិរបស់កម្ពុជាដាក់ទៅក្នុងឡូហ្គូរបស់ខ្លួន ចំណែកនៅលើ Facebook វិញឃើញមានរូបបង្ហោះប៉េងប៉ោង និងរូបវិមានឯករាជ្យ។
ចំណែកក្រុមទាល់ទាត់ដ៏ល្បីមួយក្នុងលីគកំពូលរបស់ប្រទេសអាឡឺម៉ង់ គឺក្រុម Borussia Dortmund ក៏បានបង្ហោះសារកាលពីព្រឹកនេះ ដើម្បីអបអរបុណ្យឯករាជ្យកម្ពុជាផងដែរ។
នៅក្នុងទំព័រហ្វេសបុកដែលមានអ្នកគាំទ្រចុច Like រហូតដល់ ១៥លាននាក់ជាង ក្រុមនេះបានបង្ហោះសារថា “អបអរសាទរខួបលើកទី ៦៤នៃទិវាឯករាជ្យជាតិកម្ពុជា”។ ទំព័រហ្វេសបុករបស់ក្រុម Borussia Dortmund (goo.gl/VhL4ir)៕ សុភ័ក្ត្រ