ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ឋដា បានបេ្តជ្ញាគ្រោងនឹងប្រមូលពន្ឋឲ្យបានជាង ៣៥៧១ លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។ សម្រាប់ឆ្នាំ ២០២៣ ចំណូលពន្ធផ្ទៃក្នុង ដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងត្រូវបានកំណត់ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយតម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឲ្យបាន ៣៥៧១,៧០លានដុល្លារ កើនឡើង ២៦.៧០% បើធៀបនឹងផែនការច្បាប់ថវិកា ឆ្នាំ២០២២។

ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ឋដា បានឲ្យដឹងថា ដើម្បីឈានដល់ការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យគ្រប់តាមផែនការ អគ្គនាយករដ្ឋានពន្ធដារ នៅតែបន្តធ្វើកំណែទម្រង់ថែមទៀត ដែលកំណែទម្រង់នេះ ធ្វើឲ្យលទ្ធផលចំណូលពន្ធរបស់ពន្ធដារលើសផែនការ បន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន គឺសរុបមកជាង១០ឆ្នាំ។

ឯកឧត្តម បានប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែក ពោល គឺនឹងខិតខំប្រឹងប្រែង ពុះពារអនុវត្តភារកិច្ចប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
