Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB និង EDC ចុះ​ហត្ថលេខា​លើ​អាណត្តិ​សម្រាប់​កម្មវិធី​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​ផ្ទុក​ថ្ម២ ជីហ្គាវ៉ាត់ នៅ​កម្ពុជា

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បានចុះ​ហត្ថលេខាលើអាណត្តិសេវាប្រឹក្សាប្រតិបត្តិការជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា Électricité du Cambodge (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា។ អាណត្តិកម្មវិធីនេះនឹងជួយឱ្យប្រទេសសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។

ក្នុងអាណត្តិកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេសស្តីពីឱកាស​សម្រាប់​សមត្ថភាព​ថាមពលពន្លឺព្រះអាទិត្យបន្ថែម រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (Battery Engergy Storage System – BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០៣០។ ADB ក៏នឹងជួយ​ដល់ EDC ក្នុងការដាក់ដេញថ្លៃ   គម្រោងសាកល្បង១00មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សា​ខាង​លើ​ទៅ​វិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង។ គម្រោងសាកល្បង​នេះ​ត្រូវ​បានគេរំពឹងថានឹងប្រមូលទុនបានរហូតដល់ ១00 លានដុល្លារអាមេរិក និងធ្វើជាគំរូក្នុងការពង្រីក​វិសាល​ភាព​ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យ និងឆាប់រហ័សក្នុងប្រទេសកម្ពុជា។

ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ នេះគឺស្របតាមយុទ្ធសាស្ត្ររបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ប្រទេស តាមរយៈការបង្កើនការប្រើប្រាស់​ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ គន្លឹះនៃយុទ្ធសាស្ត្រនេះគឺការទាញយកធនធាន​ពន្លឺ​ព្រះអាទិត្យដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលការរួមចំណែករបស់ថាមពលព្រះអាទិត្យនេះបាន​កើន​ឡើង​ជាក់ស្តែងពីសូន្យក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ១២% នៅចុងឆ្នាំ ២០២១។

ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB លោកស្រី F. Cleo Kawawaki បានមានប្រសាសន៍ថា «វានឹងជាកម្មវិធីនេះប្រកបដោយមហិច្ឆតាខ្ពស់របស់កម្ពុជាក្នុងវិស័យថាមពលកើត​ឡើងវិញបាន។​វា​នឹង​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​ថាមពល​ដោយ​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​ធនធាន​ក្នុងស្រុក​។ យើងសង្ឃឹមថានឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈ​ការគាំទ្រ ការដេញថ្លៃប្រកបដោយតម្លាភាព ដែលបានត្រៀមយ៉ាងល្អ និងដែលទាក់ទាញការប្រកួតប្រជែង​យ៉ាង​សកម្ម ដើម្បីបង្កើនប្រសិទ្ធភាព ភាពច្នៃប្រឌិត និងទុនពីវិស័យឯកជន ដើម្បីផ្តល់ផលប្រយោជន៍​ដល់​ប្រជាជនកម្ពុជា។»

ផែនការមេអភិវឌ្ឍន៍ថាមពល​ ថ្មីរបស់កម្ពុជា​​ ទទួលស្គាល់សក្តានុពលក្នុងការពង្រីកបន្ថែមនូវ​សមត្ថភាព​​នៃ​ថាមពល​​ពន្លឺព្រះអាទិត្យ PV ដែលត្រូវបានរំពឹងថានឹងលើសពី ៣ ជីហ្គាវ៉ាត់ ក្នុងឆ្នាំ ២០៤០។ ដោយសារការរួមចំណែកនៃថាមពល ពន្លឺព្រះអាទិត្យកើនឡើង ចាំបាច់ត្រូវមានការកែលម្អស្ថិរភាព​បណ្តាញ​តាមរយៈការអនុម័ត BESS ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ADB រីក​រាយ​ក្នុងការគាំទ្រការផ្លាស់ប្តូរទៅរកថាមពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្អាត ប្រកបដោយនិរន្តរភាព និងបិរយាបន្នតាមរយៈការកែទម្រង់គោលនយោបាយក្នុងផែនការ និងអភិបាល​កិច្ច​ថាមពល ការកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល។»

អាណត្តិកម្មវិធីនេះ ផ្អែកលើការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យរបស់កម្ពុជា ដែលរួមមានឧទ្យានជាតិសូឡាដំបូងបង្អស់របស់ប្រទេសមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងផលិត​ថាមពលពន្លឺព្រះអាទិត្យរហូតដល់ ១00 មេហ្គាវ៉ាត់។ កម្មវិធីនេះក៏នឹងផ្អែកលើគម្រោង BESS ដែល​អនុវត្ត​ដោយ EDC ជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដែលផ្តល់ដោយ ADB ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

×