ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ចាត់ឱ្យអង្គភាពស៊ីម៉ាក់ សហការជាមួយជប៉ុន បញ្ជូនក្រុមអ្នកបោសសម្អាតមីន ចុះបេសកកម្មនៅអ៊ុយក្រែន

ភ្នំពេញ ៖ប្រទេសអ៊ុយក្រែននឹងទទួលបានក្រុមអ្នកជំនាញដោះមីនរបស់កម្ពុជាឆាប់ៗនេះ ដើម្បីបោសសម្អាតមីនក្នុងប្រទេសរបស់ខ្លួន, លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថាបន្ទាប់ពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចមក អង្គភាពស៉ីម៉ាក់ បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុន ក្នុងការបញ្ជូនក្រុមជំនាញបច្ចេកទេសបោសសម្អាតគ្រាប់មីន (ដោះមីន) ដើម្បីជួយផ្តល់ការហ្វឹកហ្វឺន ជូនអ្នកដោះមីននៅប្រទេសអ៊ុយក្រែន។

អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) រូបនេះ បានថ្លែងឱ្យដឹងទៀតថា ពេលនេះ អង្គភាពស៉ីម៉ាក់ និងភាគីជប៉ុន បានពិភាក្សាគ្នា យ៉ាងមមាញឹក អំពីកិច្ចការងារបោសសម្អាតមីន, ជាផែនការក្រុមដំបូង អាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២នេះ និងក្រុមទី២ អាចបំពេញបេសកកម្មនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ប៉ុន្តែ លោកអគ្គនាយក នៅមិនទាន់អាចបញ្ជាក់ពីចំនួន ក្រុមជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន ថា មានចំនួនប៉ុន្មាននាក់នោះទេ ព្រោះថា ពេលនេះកំពុងពិភាក្សាគ្នានៅឡើយ។

លោក ហេង រតនា បានលើកឡើងថា អង្គភាពស៉ីម៉ាក់ មានមោទនភាពខ្លាំងណាស់ចំពោះបេសកកម្មនេះ ដែលមិនត្រឹមតែបានចូលរួមចំណែកជួយប្រជាជនអ៊ុយក្រែន រំដោះខ្លួនពីការស្លាប់ រងរបួស ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមប៉ុណ្ណោះនោះទេ ថែមទាំងលើកកម្ពស់មោទនភាពជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាមជាច្រើនសទវត្ស ក្នុងព្រះរាជាណាចក្រកម្ពុជា ស្គាល់នូវសន្តិភាពដ៏ពេញលេញពិតប្រាកដមួយសំរាប់កម្ពុជា ដោយបានលើក កិតិ្តយសជាតិ ឱ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា មុននេះបន្តិច លោក វ៉ូឡូឌីមៀ ហ្ស៊េលែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា តាមទូរស័ព្ទលើកដំបូង កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២, ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់លោកប្រធានាធិបតីអ៊ុយក្រែនថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប, ឥឡូវនេះ អង្គភាពស៉ីម៉ាក់ បានសម្រេចចេញដំណើរបេសកកម្មហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម