រដ្ឋធានីកៀវ៖ ក្រោយពេលក្រុងមូស្គូ បានចោទប្រកាន់ ដល់ក្រុងកៀវ អំពីការរៀបចំគម្រោង ប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម (Dirty Bomb) សម្រាប់វាយប្រហារ ទៅលើដែនដីរបស់រុស្ស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ រួចមក អ៊ុយក្រែន បានអញ្ជើញក្រុមឃ្លាំមើលនុយក្លេអ៊ែរ (Watchdog) របស់អង្គការសហប្រជាជាតិ ចុះទៅត្រួតពិនិត្យមើលកន្លែង ដែលរុស្ស៊ី ចោទប្រកាន់ ចំនួន៣កន្លែង។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ថា ក្រុមឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា ខ្លួនរកមិនឃើញមានសញ្ញាណាមួយ ពាក់ព័ន្ធនឹង«សកម្មភាពនុយក្លេអ៊ែរ ដែលមិនបានប្រកាស» នៅក្នុងតំបន់ចំនួន៣ ដែលបានត្រួតពិនិត្យ នៅក្នុងប្រទេសអ៊ុយក្រែន តាមសំណើរបស់ក្រុងកៀវ (Kyiv) បន្ទាប់ពីមានការចោទប្រកាន់ពីរុស្ស៊ី ទាក់ទងនឹងអ្វីដែលក្រុងមូស្គូ ហៅថា «គ្រាប់បែកវិទ្យុសកម្ម»។
ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ ហៅកាត់ IAEA របស់អអ្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ថា មិនមានការរំខានដល់ IAEA នៅក្នុងការចូលទៅកាន់វិទ្យាស្ថាន សម្រាប់សិក្សាស្រាវជ្រាវនុយក្លេអ៊ែរ ស្ថិតក្នុងទីក្រុងកៀវ, រោងចក្ររុករករ៉ែ និង កែច្នៃ ភាគខាងកើត ស្ថិតនៅទីក្រុងហ្សូវទី វូឌី (Zhovti Vody) និង រោងចក្រសាងសង់ម៉ាស៊ីនភីវដែននី (Pivdennyi) សមាគមផលិតកម្ម នៅក្នុងឌីនីប្រូ នោះឡើយ។
អង្គការមានមូលដ្ឋាន នៅទីក្រុងវីយ៉ែន មួយនេះ បានបញ្ជាក់ ថា «ដោយផ្អែកលើការវា.យតម្លៃ អំពីលទ្ធផល ដែលមាន រហូតមកដល់បច្ចុប្បន្ន និង ព័ត៌មានផ្តល់ឲ្យ ដោយអ៊ុយក្រែន គឺទីភ្នាក់ងារអន្ដរជាតិមួយនេះ មិនបានរកឃើញ អំពីការចង្អុលបង្ហាញណាមួយ ពាក់ព័ន្ធនឹងសកម្មភាពនុយក្លេអ៊ែរ និង សម្ភារៈដែលមិនបានប្រកាស នៅទីតាំងទាំងនោះឡើយ»។
សេចក្ដីថ្លែងការណ៍ ដដែលនោះ បានបន្ថែម ថា ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិ ក៏បានយកសំណាកបរិស្ថាន ដែលនឹងត្រូវបញ្ជូនចេញ សម្រាប់ការវិភាគ នៅក្នុងមន្ទីរពិសោធន៍ ហើយ IAEA នឹងរាយការណ៍ឡើងវិញ អំពីលទ្ធផលនេះ។
ទីតាំងទាំង៣នោះ ធ្លាប់ត្រូវបានរុស្ស៊ី លើកឡើង ថា មានការពាក់ព័ន្ធនឹងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ក្រុងមូស្គូ ថា អ៊ុយក្រែន គ្រោងនឹងប្រើប្រាស់គ្រាប់បែកកខ្វក់ ដែលជាឧបករណ៍បំផ្ទុះធម្មតា មានផ្ទុកសារធាតុវិទ្យុសកម្ម ជីវសាស្ត្រ ឬសារធាតុគីមី។
លោក វ៉ាសស៊ីលី ណេបេនហ្ស៊ីយ៉ា (Vassily Nebenzia) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាង នៅក្នុងលិខិតមួយ បញ្ជូនទៅកាន់សមាជិក ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន ថា សម្ភារស្រាវជ្រាវនុយក្លេអ៊ែរ និង ក្រុមហ៊ុនរុករករ៉ែរបស់អ៊ុយក្រែន បានទទួលបញ្ជា ដោយផ្ទាល់ ពីរបបគ្រប់គ្រងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ដើម្បីបង្កើតគ្រាប់បែកវិទ្យុសកម្មនេះឡើង។ ប៉ុន្ដែក្រុងមូស្គូ មិនបានផ្ដល់ភស្ដុតាង សម្រាប់ការអះអាងរបស់ខ្លួននោះឡើយ ហើយរដ្ឋាភិបាលអ៊ុយក្រែន ក៏បានទាត់ចោលការចោទប្រកាន់របស់រុស្ស៊ី ផងដែរ។
ដោយឡែក ក្រុមមន្រ្ដីអ៊ុយក្រែន និង បណ្ដាប្រទេសបស្ចិមលោក បានចោទប្រកាន់ ដល់ក្រុងមូស្គូ អំពីការប្រឌិតរឿងគ្រាប់បែកវិទ្យុសកម្មនេះឡើង ដើម្បីជាលេស វាយប្រហារដោយនុយក្លេអ៊ែរ និង ស្ដីបន្ទោស ទៅលើក្រុងកៀវ ខណៈកម្លាំងទាហានរុស្ស៊ី កំពុងតែចាញ់ប្រៀបកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN































