រដ្ឋធានីមូស្គូ៖ ហាងកាហ្វេដ៏ធំមួយ ស្ថិតនៅភាគខាងជើង រដ្ឋធានីមូស្គូ បានរងនូវគ្រោះអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមនុស្ស ចំនួន១៣នាក់ បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា នៅក្នុងទីក្រុងកូស្ដ្រូម៉ា (Kostroma)។
ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ថា លោក ស៊ើហ្គេ ស៊ីតនីកូវ (Sergei Sitnikov) ប្រធានតំបន់កូស្ដ្រូម៉ា បានបញ្ជាក់ ថា មនុស្សចំនួន១៣នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ កាលពីថ្ងៃសៅរ៍។ ដោយឡែក មនុស្ស ចំនួន៥នាក់ផ្សេងទៀត បានរងរបួស។ កូស្រ្ដូម៉ា ជាទីក្រុងមួយ ស្ថិតនៅតាមមាត់ទន្លេ មានប្រជាជន ប្រហែល ២៧០ ០០០នាក់រស់នៅ ហើយទីក្រុងនេះ មានចម្ងាយ ប្រហែល៣៤០គីឡូម៉ែត្រ នាភាគខាងជើង រដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។

បើតាមអាជ្ញាធរ បានឲ្យដឹង ថា ភ្លើងបានឆាបឆេះឡើង នៅពេលព្រឹកព្រលឹម ក្រោយពេលមានមនុស្សណាម្នាក់ បានប្រើប្រាស់កាំភ្លើង បាញ់ឡើង។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី RIA Novsti បានរាយការណ៍ ថា ការឈ្លោះប្រកែកគ្នាមួយ បានកើតឡើង នៅក្នុងហាងកាហ្វេនោះបន្ដិច មុនពេលមានភ្លើងឆាបឆេះឡើង។ ប៉ុន្តែភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ ថា តើវាមានការពាក់ព័ន្ធអ្វីជាមួយគ្រោះអគ្គិភ័យនេះឡើយ។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលស៊ើបអង្កេតលើបទឧក្រិដ្ឋធំៗ បានបញ្ជាក់ ថា ជនសង័្សយម្នាក់ ត្រូវបានចាប់ខ្លួន នាំទៅសាកសួរ ជុំវិញការចោទប្រកាន់ ពីការបាញ់កាំភ្លើងបង្កឲ្យកើតទៅជាគ្រោះអគ្គិភ័យ ហើយអ្នកគ្រប់គ្រងហាងកាហ្វេ ក៏បានឃាត់ខ្លួន នាំទៅសាកសួរផងដែរ។

ក្រុមអ្នកជួយសង្គ្រោះ បានជម្លៀសមនុស្ស ចំនួន២៥០នាក់ចេញ។ ដំបូល នៃហាងកាហ្វេ មានផ្ទៃដី ៣ ៥០០ម៉ែត្រក្រឡា បានធ្លាក់ចុះមក នៅក្នុងអំឡុងពេលភ្លើង កំពុងតែឆាបឆេះឡើងនោះ។ ជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះ បានចំណាយពេល៥ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ចំណែកអ្នកស្រុករាប់សិបនាក់ ត្រូវបានជម្លៀស ចេញពីអគារ នៅជិតនោះ។
លោក អ៊ីកទីយ៉ា មៀរហ្សូយ៉ែវ (Ikhtiyar Mirzoyev) សមាជិកសភា ប្រចាំតំបន់នោះ និង ជាម្ចាស់ហាងកាហ្វេ បានសន្យាផ្ដល់ជំនួយដល់ជនរងគ្រោះ ពីគ្រោះអគ្គិភ័យនេះ។ គ្រោះអគ្គិភ័យនេះ ក៏មិនមែន ជាលើកដំបូង នៅក្នុងប្រទេសរុស្ស៊ី នោះដែរ ហើយកាលពីអំឡុងឆ្នាំ២០០៩ ក៏ធ្លាប់កើតមានករណីគ្រោះអគ្គិភ័យឆេះក្លឹបកម្សាន្ដរាត្រីឡាម Lame Horse ស្ថិតក្នុងទីក្រុងភើម (Perm) ដែលបានបង្កឡើង ដោយសារអ្នកសម្ដែងម្នាក់ បាញ់កាំជ្រួច។ គ្រោះអគ្គិភ័យ នាពេលនោះ បានស.ម្លាប់មនុស្ស ជាង១៥០នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN













