រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍រំលឹកជាបន្តបន្ទាប់មកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសង្គ្រោះអាយុជីវិតជាតិពិតប្រាកដ ហើយប្រវត្តិសាស្ត្រពិត ក៏បានលាតត្រដាងបង្ហាញយ៉ាងច្បាស់ដល់ប្រជាពលរដ្ឋឲ្យបានឃើញពីការវិវឌ្ឍនៃកម្ពុជា នៅក្នុងដំណាក់កាលនីមួយៗដែលមិនអាចប្រឌិតបាន។
ទន្ទឹមគ្នានេះ សម្តេច ក៏បានរំលឹកដល់កូនខ្មែរគ្រប់ៗរូបត្រូវយល់ដឹង និងចងចាំឲ្យបានច្បាស់ ចៀសវាងការប្រឌិតភូតភរណាមួយមិនពិត។
សម្តេចប្រមុខដឹកនាំ ឲ្យដឹងទៀតថា ជាក់ស្តែង នៅក្នុងពេលប្រទេសជាតិទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានដឹង និងចងចាំច្បាស់បំផុតនោះគឺនៅក្នុងឆ្នាំ១៩៧៥ ដែលពេលនោះកម្ពុជាត្រូវបាន ធ្លាក់ក្នុងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ហើយប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានដកសិទ្ឋិសេរីភាពទាំងស្រុង សាសនា ក៏ត្រូវបានកំទេច សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ត្រូវបានកំទេចចោលទាំងអស់ដែរ។
ជាងនេះទៀត ក្រុមគ្រួសារប្តីប្រពន្ឋកូនចៅបងប្អូន ត្រូវបានបំបែកចាប់បង្ខំឲ្យធ្វើការហួសកម្លាំងលើសពីសត្វធាតុ និងត្រូវបានសម្លាប់ចោលអស់រាប់លាននាក់។ អ្នកចេះដឹង អ្នកជំនួញ ជនបរទេស មន្ត្រីរាជការ ទាហាន ព្រះសង្ឃ និស្សិតបញ្ញវ័ន្ត និងកូនសិស្សគ្រប់កម្រិត ត្រូវបានប្រមូលផ្តុំ ហើយកំទេចចោលនៅពាសពេញប្រទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្នុងរបបខ្មែរក្រហមកាន់កាប់អំណាច ប្រទេសកម្ពុជាពេលនោះ គឺត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងពីពិភពលោក ដែលគ្មានឮ សម្លេងអ្វីក្រៅពីការភ័យ ខ្លាច រន្ឋត់ ឈឺចាប់ កាប់សម្លាប់ ជាមួយទឹកភ្នែករាប់លានដំណក់ហើយម្នាក់ៗ រង់ចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ។
ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពេលនោះតើមានអ្នកណា ឬបក្សនយោបាយណា ដែលបាន ចេញមុខមកជួយសង្គ្រោះកម្ពុជា? ប្រជាពលរដ្ឋរងគ្រោះមានតែការបន់ស្រន់ដល់ព្រះ និងបន់ស្រន់បារមីស័ក្តិសិទ្ឋិ សុំបានរស់រានមានជីវិតចាកផុតពីការស្លាប់។ កម្ពុជានៅពេលនោះ គឺត្រូវការសង្គ្រោះបន្ទាន់បំផុត។
ទាំងនេះហើយដែល សម្តេចតេជោ ហ៊ុន សែន និងអ្នកស្នេហាជាតិ របស់គណបក្សប្រជាជន បានយកជីវិតផ្ទាល់ខ្លួនយកធ្វើជាដើមទុន មកចំណាយក្នុងការសង្គ្រោះកម្ពុជាពីរបបកាប់សម្លាប់ខ្មែរក្រហម។ ដោយនៅក្នុង ដំណាក់កាលនោះ គឺជាដំណាក់កាលសង្គ្រោះអាយុជីវិតជាតិពិតប្រាកដ។ បើគ្មានការចំណាយអាយុជីវិតជាដើមទុន របស់ គណបក្សប្រជាជនទេ គឺកម្ពុជាគ្មានថ្ងៃនេះដូចសព្វថ្ងៃនេះទេ។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលបានចំណាយអាយុជីវិតជាដើមទុន ត្រូវរបួសជាច្រើនដង រហូតពិការភ្នែក និងបែកបាក់ប្តីប្រពន្ឋ កូនជាទីស្រឡាញ់ ដើម្បីបុព្វហេតុសង្គ្រោះជាតិ។ ទាំងអស់នេះហើយ ដែលត្រូវឲ្យយើងទាំងអស់គ្នាចងចាំនូវគំរូវីរភាពជាប្រវត្តិសាស្ត្រនេះគ្រប់ពេលជានិច្ច។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងមានសុខសន្តិភាព រីកចម្រើនបោះជំហានទៅមុខ ដែលពលរដ្ឋមានសិទ្ឋិសេរីភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរធ្វើការតូចធំគ្រប់កម្រិត ក្មួយៗចៅៗសិស្សានុសិស្ស មានឱកាសសិក្សារៀនសូត្រគ្រប់ទីកន្លែង វត្តអារាម ព្រះវិហារតូចធំត្រូវបានកសាងឡើងព្រោងព្រាត ហេដ្ឋារចនាផ្លូវស្ពានតូចធំ ត្រូវបានកសាងជាបន្តបន្ទាប់ រថយន្តតូចធំចរាចរណ៍ពាសពេញប្រទេស ទេសចរ និងមានភ្ញៀវទេសចរបរទេសរាប់លាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
សម្តេច ហ៊ុន សែន បន្តថា កម្ពុជាពេលនេះមិនមែន ស្ថិតនៅក្នុងភ្នក់ភ្លើង សង្គ្រាម ឬរបបប្រល័យពូជសាសន៍ ដែលត្រូវការការសង្គ្រោះអ្វីទៀតនោះទេ។ ពោលគឺកម្ពុជាពេលនេះ ត្រូវបន្តនិរន្តរភាព នៃការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ ហើយយើងទាំងអស់គ្នា បន្តចូលរួមថែរក្សាការពារសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជានាយករដ្ឋមន្ត្រី ដើម្បីជំរុញឲ្យប្រទេសកម្ពុជាកាន់ តែមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនខ្លាំងឡើងជាបន្តទៀតនាថ្ងៃអនាគត៕ ដោយ ៖ ដែនសីមា