ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគម ប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្ត ទៅនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធាន គណៈប្រតិភូសភាកម្ពុជា នឹងចូលរួមផ្តល់នូវអនុសាសន៍ ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន នៅក្នុងកិច្ចប្រជុំរៀបចំសេចក្តីព្រាងសារ អាយប៉ា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារកាំឌីយ៉ាណា។

គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា នឹងនាំយកនូវធាតុចូល ដែលជា ទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។
សូមជម្រាបថា កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅរាល់ កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការ របស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ានគឺ សនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព ជាមួយនឹងការពន្លឿន និងជម្រុញឱ្យសម្រេចបាននូវ សហគមន៍អាស៊ានមួយ និង ត្រៀម ខ្លួន សម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។
គួររម្លឹកផងដែរថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើម អនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ួហ៊ីន ព្រះរាជាណាចក្រ ថៃ ក្រោម គំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយ ចាប់ពីពេលនោះមក កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅចំនួន ១០លើក រួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធនិម្មិត ហើយឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាង អាស៊ាន និងអាយប៉ា នេះ៕ រក្សាសិទ្ធិដោយៈចេស្តារ





