ភ្នំពេញៈ អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឧត្តមសេនីយ៍ឯក អាហ្គឹស ស៊ូប៊ីយ៉ានតូ មេបញ្ជាការរងកងទ័ពជើងគោកឥណ្ឌូនេស៊ី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ ជាអាទិ៍ការហ្វឹកហ្វឺបណ្តុះបណ្តាលធនធានមនុស្ស។ ការវាយតម្លៃនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ឥណ្ឌូនេស៊ី ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗបន្ថែមទៀត សម្រាប់នាពេលអនាគត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (Dudung Abdurachman) មេបញ្ជាការ កងទ័ពជើងគោកឥណ្ឌូនេស៊ី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន និងយោធិននៃកងទ័ពជើងគោកឥណ្ឌូនេស៊ី ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងកក់ក្ដៅ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន (ACAMM) លើកទី២៣ ត្រូវបានរៀបចំទ្បើងដោយ កងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ រួមទាំង កិច្ចប្រជុំប្រចាំឆ្នាំ នាយទាហានរងអាស៊ាន (ASMAM) លើកទី១០ និងព្រឹត្តិការណ៍ជំនួបបាញ់ កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) លើកទី៣០ នៅរដ្ឋធានីណូយ នៅក្នុងឆ្នាំ២០២២ នេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ





