ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអនុសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ដែលគេដាក់តាំងនៅតាមផ្លូវសាធារណៈនាទីប្រជុំជនក្នុងក្រុងទេសចរណ៍មួយនេះ ដើម្បីរំលឹកដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងយុវជន បានស្វែងយល់និងធ្វើការពិចារណា។
ព្រមជាមួយគ្នានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏បានលើកយកសមិទ្ធផល នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលមូលដ្ឋានជាប់ឆ្នេរសមុទ្រមួយនេះសម្រេចបានកន្លងមក ដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកទស្សនាខេត្តនេះថែមទៀត។
ការបង្ហាញសមិទ្ធផលអភិវឌ្ឍទាំងនេះ ស្តែងឡើងតាមរយៈការដាក់តាំងរូបភាព នៅតាមផ្ទាំងប៉ាណូផ្សព្វផ្សាយ និងមានចាក់ផ្សាយជាវីដេអូឃ្លីបខ្លីៗ ដើម្បីបង្ហាញសាធារណជន នៅតាមផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដែលគេដាក់នៅតាមផ្លូវសំខាន់ៗមួយចំនួន នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ។
លោក យន្ត មីន មានប្រសាសន៍ថា គោលបំណងនៃការដាក់តាំងផ្ទាំងផ្សព្វផ្សាយ នូវអនុសាសន៍អប់រំសំខាន់ៗ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទីប្រជុំជនក្នុងក្រុងព្រះសីហនុពេលនេះ ប្រយោជន៍ដើម្បីរំលឹកដល់ ប្រជាពលរដ្ឋ យុវជន និងមន្ត្រីរាជការនៅទូទាំងប្រទេសកម្ពុជា បានចងចាំ និងធ្វើការពិចារណាស្វែងយល់។
ការដាក់តាំងផ្ទាំងប៉ាណូផ្សព្វផ្សាយពីសមិទ្ធផល និងអនុសាសន៍អប់រំ របស់សម្តេចតេជោ ហ៊ុន សែន នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ របស់រដ្ឋបាលខេត្តព្រះសីហនុពេលនេះ គឺទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកដល់មូលដ្ឋាននេះ។
ការរៀបចំតាំងរូបភាពផ្សព្វផ្សាយពីសមិទ្ធផលនានា របស់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុពេលនេះ គឺស្របពេលប្រទេសកម្ពុជា នឹងមានរៀបចំព្រឹត្តិការណ៍ជាតិសំខាន់ៗមួយចំនួន រួមមាន៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្របពេលកម្ពុជា ត្រៀមរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬបោះឆ្នោតសភានីតិកាលទី៦ ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
បច្ចុប្បន្ននេះ គេកត់សម្គាល់ថា នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ ឃើញមានការតម្លើងផ្ទាំងប៉ាណូដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្ស និងសម្តេចព្រះវររាជមាតាជាតិខ្មែរ និងរូបថតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងផ្ទាំងបដាផ្សព្វផ្សាយផ្សេងៗជាច្រើនទៀត នៅតាមផ្លូវសាធារណៈសំខាន់ៗក្នុងទីប្រជុំជនក្រុងព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា គោលបំណងចម្បង នៃការលើកយកអនុសាសន៍ សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មកផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូធំៗ នៅតាមទីសាធារណៈនាទីប្រជុំជនក្រុងព្រះសីហនុពេលនេះ ដើម្បីធ្វើរំលឹកដល់មន្ត្រីរាជការ យុវជន ប្រជាពលរដ្ឋ និងជាពិសេសក៏ចង់បង្ហាញអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តព្រះសីហនុ បានអភិវឌ្ឍឲ្យមានការរីកចំរើនរហូតមកដល់សព្វថ្ងៃក្រោយការដឹកនាំ និងការចង្អុលបង្ហាញ របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។
លោក យន្ត មីន បានឲ្យដឹងថា អនុសាសន៍សំខាន់ៗចំនួន៤ឃ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលរដ្ឋបាលខេត្តព្រះសីហនុ បានដាក់បង្ហាញនៅលើផ្ទាំងប៉ាណូធំៗទាំងនោះ រួមមាន៖
អនុសាសន៍ទី១ «ទម្លាប់ហ្មត់ចត់ លើកិច្ចការតូចតាច ទើបអាចមានឳកាសទទួលកិច្ចការធំបាន!»។
អនុសាសន៍ទី២ « មន្ត្រីគឺជាអ្នកបំរើរាស្ត្រ ដ៏ស្មោះត្រង់ ! មិនមែនជាចៅហ្វាយនាយទេ!»។
អនុសាសន៍ទី៣ «ខ្ញុំធ្វើនយោបាយ មិនមែនគ្រាន់តែបក្សខ្ញុំឈ្នះនោះទេ តែសំខាន់ជាតិយើងឈ្នះ គឺយើងឈ្នះទាំងអស់គ្នា!»។
អនុសាសន៍ទី៤ «កត្តាសន្តិភាព បានធ្វើអោយប្រជាពលរដ្ឋ អាចធ្វើដំណើរគ្រប់ទីកន្លែងដោយមិនមាន ការភ័យខ្លាច!»៕ ដែនសីមា