ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាន និងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរកិច្ចជាតិ និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី





