ភ្នំពេញ ៖ មកដល់កម្ពុជាភ្លាម លោក លី ខឺជាង នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២០០លានយន់ ដល់កម្ពុជា សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋ និងអះអាងថា ចិននៅតែប្តេជ្ញាបន្តជួយស្តារវិស័យសំខាន់ៗជាច្រើនទៀត។
ការផ្តល់ជំនួយរបស់ចិន បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺជាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងជំនួបនេះ លោក លី ខឺជាង បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ជាទំនាក់ទំនងស៊ីជម្រៅលើគ្រប់វិស័យ ហើយលោកសូមសម្តែងសេចក្ដីរីករាយជាខ្លាំងដែលឃើញកម្ពុជា មានអភិវឌ្ឍយ៉ាងឆាប់រហ័សបែបនេះ។

នាយករដ្ឋមន្ត្រីចិនរូបនេះ បានបញ្ជាក់ថា ទោះបីជាយ៉ាងណា ចិននឹងបន្តជួយកម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងនោះ ចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅលើវិស័យ ដូចជា ទឹកប្រាក់ចំនួន ២០០លានយន់សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។

ចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា, បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន, ជួយដល់សកម្មភាពដោះមីន, ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា, ជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ, ជួយដល់ការស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជាមានគុណភាពអាចនាំចេញទៅប្រទេសចិនស្របតាមកូតាដែលប្រគល់ជូន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














