ភ្នំពេញ ៖ ជាការប្ដេជ្ញាជំរុញវឌ្ឍនភាពកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតនោះ រដ្ឋាភិបាលចិន បានផ្តល់កម្ចីជាង ២០០លានដុល្លារ សម្រាប់សាងសង់ស្ពាន, ផ្លូវតភ្ជាប់នៅក្នុងខេត្តក្រចេះ និងគម្រោងពង្រីងផ្លូវជាតិលេខ៧ ជា ៤គន្លងពីស្គន់ ទៅទីរួមខេត្តកំពង់ចាម។
ការផ្តល់កម្ចីសម្រាប់គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខានៅល្ងាចថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ កិច្ចព្រមព្រៀងផ្តល់កម្ចីនេះ ត្រូវបានចុះហត្ថលេខារវាង លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ មានប្រវែងសរុបជិត ២គីឡូម៉ែត្រ ដោយចំណាយថវិកាជាង ១០០លានដុល្លារ។
ដោយឡែកគម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ពីស្គន់ ទៅទីរួមខេត្តកំពង់ចាម មានប្រវែងជាង ៤០គីឡូម៉ែត្រ ចំណាយថវិកាជាង ១០០លានផងដែរ។
គម្រោងទាំងពីរខាងលើនេះ ត្រូវបានសិក្សារួចរាល់អស់ហើយ ហើយការបើកការដ្ឋានសាងសង់ គឺរង់ចាំពេលវេលាសមស្របណាមួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី។ ពេលវេលាបើកការដ្ឋានជាផ្លូវការនេះ អាចធ្វើនៅចុងឆ្នាំ២០២២នេះ ឬដើមឆ្នាំ២០២៣។

គួរបញ្ជាក់ថា ចិន ជាប្រទេសដែលបានផ្តល់ជំនួយ និងកម្ចីច្រើនបំផុតសម្រាប់សាងសង់ផ្លូវថ្នល់ និងស្ពាននៅកម្ពុជា, ហើយបើរបាយការណ៍បានបង្ហាញថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រើប្រាស់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងរបស់ចិន បានសាងសង់រួច មានចំនួន ២៩ខ្សែ មានប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជិត ២ពាន់លានដុល្លារអាមេរិក។
ពេលនេះ គម្រោងកំពុងសាងសង់ផ្លូវថ្នល់មានចំនួន ០៣ខ្សែ មានប្រវែងជាង ៣៦៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៥២៩.៩៨លានដុល្លារអាមេរិក។
ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៩ស្ពាន មានប្រវែងសរុប ៨,៥៦៥ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២៩០.០៥លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ចំនួន ០១ មានប្រវែងសរុប ៩៩៦ម៉ែត្រ គឺ ស្ពានឆ្លងកាត់ទន្លេបាសាក់ សិត្បូនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣ ប្រើប្រាស់ថវិកាប្រមាណ ៥៦.០៤លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





















