Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ថ្លែងប្រាប់វិស័យឯកជនអាស៊ានថា វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ាន ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២២ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានថ្លែងប្រាប់វិស័យឯកជនអាស៊ានថា «វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និង មិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព ដូចជា ការជំរុញសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និង ការវិនិយោគ ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់។

លើសពីនេះ មានការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ និង អភិវឌ្ឍន៍និង ការលើកកម្ពស់នវានុវត្តន៍។ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ការបណ្តុះ​បណ្តាលជំនាញឡើងវិញ (Re-skilling) និងការលើកកម្ពស់ជំនាញបន្ថែម(Upskilling)។ ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល។ និងការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែមានភាពផុយស្រួយ និង ងាយរងនូវវិបត្តិថ្មី ដោយយើងនៅបន្តប្រឈមនឹងបញ្ហាថ្មីៗ និង កាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ចសង្គម បរិស្ថាន និង ភូមិសាស្ត្រនយោបាយ »។

ក្នុងស្ថានភាពបារម្ភនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា «អាស៊ានត្រូវបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង ការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ានឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន ត្រូវបន្តរក្សាឱ្យបាននូវ«មជ្ឈភាព» និង «ឯកភាពអាស៊ាន» ក្នុងការកសាងទំនាក់ទំនងសកល និង តំបន់»៕

×