រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមអូសបន្លាយ អស់រយៈ២៥៩ថ្ងៃ គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ហើយការវាយប្រយុទ្ធគ្នាកំពុងតែបន្ដនោះ មេដឹកនាំអ៊ុយក្រែន បានប្ដេជ្ញាការពារ មិនឲ្យបាត់បង់ សូម្បីតែមួយសង់ទីម៉ែត្រ ទៅឲ្យរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា ថា លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង កាលពីថ្ងៃអង្គារ ថា កងទ័ពអ៊ុយក្រែន នឹងមិនបណ្តោយឲ្យបាត់បង់ទឹកដី សូម្បីតែ «មួយសង់ទីម៉ែត្រ»។ កងទ័ពការពារទឹកដី កំពុងតែប្រយុទ្ធ ដើម្បីគ្រប់គ្រងតំបន់ដូណែត (Donetsk) ស្ថិតនៅភាគខាងកើត ប្រទេស អាជ្ញាធរ គាំទ្រដោយរុស្ស៊ី បានពិពណ៌នាថា កម្លាំងរុស្ស៊ី កំពុងតែចាកចេញ ឆ្ពោះទៅកាន់ទីក្រុង នាភាគខាងត្បូង។

តំបន់ឧស្សាហកម្មដូណែត ក្លាយជាដើមចមជម្លោះ នាំឲ្យមានការវាយប្រហារគ្នាយ៉ាងខ្លាំង ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ហើយនៅជុំវិញទីក្រុងបាកមុត (Bakhmut) សូឡេដា (Soledar) និងអៅឌីវកា (Avdiivka) ជាសមរភូមិក្ដៅបំផុត។
លោកប្រធានាធិបតី បានថ្លែងតាមវីដេអូ ថា «កម្លាំងទាហានរបស់រុស្ស៉ី បានបង្កើនការវាយដណ្តើមកាន់កាប់នៅក្នុងតំបន់ភាគខាងកើត និង ភាគខាងត្បូង ហើយបានវាយប្រហាររាប់សិបដង ក្នុងមួយថ្ងៃៗ។ ពួកគេកំពុងតែទទួលរងការខាតបង់ខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ ប៉ុន្តែការដាក់បញ្ជា ដើម្បីឈានទៅមុខ នៅលើព្រំដែនរដ្ឋបាលតំបន់ Donetsk គឺនៅដដែល។ យើងមិនព្រមឲ្យបាត់បង់ដីមួយសង់ទីម៉ែត្រនោះឡើយ»។

ដូណែត ក្លាយជាតំបន់មួយ ស្ថិតក្នុងចំណោមតំបន់ទាំង៤ ដែលក្រុងមូស្គូ បានប្រកាសដាក់បញ្ចូល ដោយខុសច្បាប់ កាលពីចុងខែកញ្ញា។ តំបន់នោះ ក្លាយជាកន្លែងវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៊ុយក្រែន និង កម្លាំងគាំទ្រដោយរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៤ ខណៈក្រុងម៉ូស្គូ បានបញ្ចូលតំបន់គ្រីមៀ ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN











