ភ្នំពេញ ៖ ឆ្លើយតបនឹងការលើកឡើងថា បើប្រធានាធិបតីសហរដ្ឋអាមេរិក រៀបចំប្រព័ន្ធការពារសន្តិសុខតឹងតែងបែបនេះ អាចនឹងបង្កគ្រោះថ្នាក់ណាមួយដល់ពលរដ្ឋខ្មែរជាពុំខាន ខណៈដែលមកដល់ទឹកដីកម្ពុជា ប្រសិនបើមាននរណាលើទូរស័ព្ទថតក្បួនចូលមកក្នុងរាជធានីភ្នំពេញនោះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា ករណីប្រព័ន្ធការពារសន្តិសុខជូនប្រធានាធិបតីសហរដ្ឋអាមេរិកនោះ មិនដូចការលើកឡើងតាមបណ្ដាញសង្គមនោះឡើយ លោកសូមបដិសេធ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានពន្យល់ថា ចំពោះការចែកចាយតគ្នាតាមបណ្តាញសង្គមថា កងសន្តិសុខអាមេរិកដែលមកការពារប្រធានាធិបតី ចូ បៃដិន នឹងដកកាំភ្លើងបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនគណៈប្រតិភូនោះ គឺជាការបង្កើតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ, លោកស្នើកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម បន្តចែកចាយដំណឹងក្លែងក្លាយបែបនេះតទៅទៀត។
សូមបញ្ជាក់ថា ព័ត៌មានក្លែងក្លាយនេះ ត្រូវបានជនអនាមិកបង្កើតឡើងជាសារសំឡេងនៅលើបណ្តាញសង្គមមួយចំនួន ហើយបានចែកចាយតគ្នានូវសារសំឡេងនោះ ដោយនិយាយថា កងកម្លាំងសន្តិសុខអាមេរិក អាចនឹងធ្វើការបាញ់ទៅលើជនណាមួយ ដែលយកទូរស័ព្ទថតក្បួនរថយន្តរបស់ប្រតិភូអាមេរិក ដឹកនាំដោយ លោក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆាប់ៗនេះ, ដោយហេតុតែព័ត៌មានអកុសលនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សូមបដិសេធ និងស្នើកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម បន្តចែកចាយដំណឹងក្លែងក្លាយនេះតទៅទៀត នាំបង្ករភាពភ័យរន្ធត់ និងអរិភាពរវាងគ្នា និងគ្នា។

បើតាមការគ្រោងទុក លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, ចំណែកមេដឹកនាំប្រទេសអាស៊ាន និងដៃគូសន្ទនា នានា បានមកដល់កម្ពុជារួចរាល់អស់ហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











