Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាប់ៗនេះរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ភាសាចិន ទៅក្នុងកម្មវិធីសិក្សាសាលារដ្ឋ សម្រាប់កម្រិតមធ្យម

spot_img

ភ្នំពេញ ៖ ភាសាចិន ត្រូវបានយកមកប្រើប្រាស់ជាផ្លូវការនៅឯអង្គការសហប្រជាជាតិ ហើយកំពុងធ្វើសាកលភាវូបនីយកម្មទៅក្នុងពិភពលោក ដូច្នេះការសិក្សារៀនសូត្រភាសាចិនឱ្យកាន់តែទូលំទូលាយនោះ ក៏ជាសារៈសំខាន់ផងដែរសម្រាប់កម្ពុជា, រាជរដ្ឋាភិបាលភិបាលកម្ពុជា និងរដ្ឋាភិបាលចិន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគ្នាបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ (សាលារដ្ឋ) នៅកម្ពុជា។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ភាគីកម្ពុជាតំណាងដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភាគីចិន តំណាងដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ការដាក់ឲ្យមានរៀនភាសាចិននៅតាមសាលារដ្ឋក្នុងប្រទេសកម្ពុជានេះ គឺជាឯកសារមួយក្នុងចំណោមឯកសារចំនួន១៨ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព ខណៈលោកនាយករដ្ឋមន្ត្រីចិនរូបនេះអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។

ការបញ្ជ្រាបភាសាចិនក្នុងកម្មវិធីសិក្សានៅសាលារដ្ឋនៃកម្ពុជានេះ គឺសម្រាប់កម្រិតមធ្យមសិក្សា មានចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

នេះជាការបោះជំហានឈានទៅមុខមួយកម្រិតទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយមិត្តដែកថែបចិន, ចិនជាប្រទេសដែលបានរួមចំណែកជួយកសាងធនធានមនុស្ស បច្ចេកវិទ្យា សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងជួយពង្រឹងពង្រីកសេដ្ឋកិច្ចនៅកម្ពុជា។

សម្រាប់ការសិក្សាវិញ គិតពីឆ្នាំសិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ ចិនផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាសរុប ៧៧៨នាក់។ ចិន បានប្រកាសបង្កើនចំនួនអាហារូបករណ៍ ដោយផ្តល់ប្រមាណ ៥០០នាក់ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ២០២៧។

គួរកត់សម្គាល់ថា ភាសាចិនត្រូវបានយកទៅប្រើប្រាស់ជាផ្លូវការនៅឯអង្គការសហប្រជាជាតិ, ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ពិភពលោក ចិនជាមិត្តដាច់ថែបកម្ពុជា និងកំពុងបង្កើនការទំនាក់ទំនងជាយុទ្ធសាស្ត្រស៊ីជម្រៅ ហើយប្ដេជ្ញាជួយអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លា ដូច្នេះការចេះភាសាចិន ក៏ដូចជាភាសាអន្តរជាតិមួយផងដែរក្នុងការទំនាក់ទំនងទាំងសេដ្ឋកិច្ច និងសាធារណៈ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×