ក្រោយពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកូរ៉េខាងជើង ប្រធានាធិបតីត្រាំ បានបើកសន្និសីទព័៍ត៌មានឲ្យដឹងថា លោកនឹងផ្អាកសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ប៉ុន្តែពុំទាន់លើកលែងទណ្ឌកម្មដល់ក្រុងព្យុងយ៉ាងទេ ។
ខណៈពេលដែលលោកត្រាំ និងលោកគីម ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រ ដែលរួមមានការសន្យា ៤ប្រការ ដើម្បីឆ្ពោះទៅកាន់សន្តិភាព និងរំសាយនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េខាងជើង ។
លោកគីម ជុងអ៊ុន ត្រូវបានទទួលការអញ្ជើញទៅកាន់សេតវិមាន
ឆ្លើយទៅកាន់អ្នកសារព័ត៌មាន ប្រធានាធិបតីត្រាំ ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង បានយល់ព្រមទៅទស្សនកិច្ចសេតវិមាន “នៅខណៈពេលសមស្របមួយ” ។ ព្រមជាមួយគ្នានោះ លោកក៏បានបង្ហើបថា នឹងទៅទស្សនកិច្ចក្រុងព្យុងយ៉ាង ហើយវាជាព្រឹត្តិការណ៍មួយដែលលោករង់ចាំ ។
អាមេរិកនឹងផ្អាកសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង
ក្នុងសន្និសីទព័ត៌មានល្ងាចថ្ងៃទី ១២ ខែមិថុនានេះដែរ លោកត្រាំប្រកាសថា អាមេរិកនឹងផ្អាក “ល្បែងសង្គ្រាម” ដោយចង់និយាយដល់សមយុទ្ធរួមអាមេរិក-កូរ៉េខាងត្បូង ហើយកូរ៉េខាងជើងតែងប្រឆាំងជាយូរណាស់មកហើយ ។ លោកអះអាងពីគោលដៅ នៃការនាំយកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង ត្រឡប់មកផ្ទះវិញ ប៉ុន្តែបានសង្កត់ធ្ងន់ថា “ពុំមែនពេលនេះទេ” ។
អាមេរិកមិនទាន់លើកលែងការដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើងទេ
សន្និសីទសារព័ត៌មាននេះ ត្រូវបានចាប់ផ្តើមដោយខ្សែវីដេអូមួយនិយាយពីកូរ៉េខាងជើង មេដឹកនាំគីម ជុងអ៊ុន ព្រមទាំងបណ្តាជម្រើសដែលលោកត្រូវប្រឈមមុខ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះមានជំនួបជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីត្រាំ ។ មុននឹងការសម្តែងមតិលោកត្រាំ បានផ្ញើការអរគុណដល់រដ្ឋាភិបាលសិង្ហបុរី និង “មិត្តលីស៊ានឡុង របស់ខ្ញុំ” ចំពោះកិច្ចប្រឹងប្រែងរៀបចំជំនួបកំពូលដ៏អស្ចារ្យនេះ ។ ទន្ទឹមនោះ លោកក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នាយរដ្ឋមន្ត្រីជប៉ុន Shinzo Abe ប្រធានរដ្ឋចិន ស៊ី ជិនពៀន ដែលបានពួតដៃគ្នាធ្វើឲ្យមានជំនួបជាប្រវត្តិសាស្ត្រនេះកើតឡើងបាន ។ ចំពោះបញ្ហានុយក្លេអ៊ែរប្រធានាធិបតីត្រាំ ឲ្យដឹងថា លោកបានជំរុញកូរ៉េខាងជើង ឲ្យចាប់ផ្តើមដំណើរការរំសាយអាវុធ “លឿនដែលអាចធ្វើបាន” ហើយក៏ទទួលស្គាល់ថា នេះជាដំណើរការមួយត្រូវចំណាយពេលវេលាច្រើន ។ លោកត្រាំ ក៏បានអះអាងថា អាមេរិកនឹងលើកលែងការដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើង នៅគ្រាដែលអាវុធនុយក្លេអ៊ែរពុំមែនជាបញ្ហាគួរឲ្យខ្វាយខ្វល់ទៀត ។ លោក ត្រាំ ពោលថា ពិតប្រាកដណាស់ ៖ “ខ្ញុំចង់លើកលែងការដាក់ទណ្ឌកម្ម ប៉ុន្តែទាល់តែរឿងនោះពុំអាចកើតឡើងបាន” ។
នាទីចុះហត្ថលេខានៃមេដឹកនាំទាំងពីរ ត្រាំ-គីម
តាមរបាយការណ៍ពីសេតវិមាន ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងចេញដំណើរពីមូលដ្ឋានយោធាអាកាស Paya Lebar នៅវេលាម៉ោង 19h00 (ម៉ោងនៅតំបន់) ហើយមេដឹកនាំគីម ជុងអ៊ុន នឹងចាកចេញពីសិង្ហបុរីនៅចន្លោះម៉ោង 21 h 00 ដល់ពាក់កណ្តាលអាធ្រា៕ សូយន
រូបភាពគួរឲ្យកត់សម្គាល់មួយចំនួនក្នុងជំនួបកំពូលប្រវត្តិសាស្ត្រ ត្រាំ-គីម ៖