កាលពីពីរថ្ងៃមុននេះ (ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២) បុរសម្នាក់បានធ្វើឲ្យប្រជាពលរដ្ឋអ្នកភូមិ នៅសង្កាត់ចោមចៅ៣ ភ័យព្រលឹងចុងចក់ បន្ទាប់ពីបុរសដ៏ទំនើងរូបនេះ ដែលគេអះអាងថា ផឹកស៊ីស្រវឹងបានបើកឡានម៉ាក Jeep ដូចហោះកៀរបុរសម្នាក់ឲ្យរងរបួសជើង ហើយដកកាំភ្លើងបាញ់គំរាម នៅពេលអ្នកភូមិនាំគ្នាទៅសួរនាំរឿងហេតុ ក៏កើតជាជម្លោះពាក្យសម្តី។
តែបើតាមគណនីហ្វេសប៊ុកឈ្មោះ លី ឆាវឆាវ ដែលអះអាងថាជាកូនជនរងគ្រោះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ដំបូង ជនបង្កបានប្រើអំពើហិង្សាទាត់ទៅឪពុករបស់ខ្លួន ឃើញបែបនេះ អ្នកភូមិក៏បានទៅសួរនាំ ប៉ុន្តែ ជនបង្ករូបនេះមិននិយាយអ្វីច្រើន ស្រាប់តែដកកាំភ្លើងបាញ់គំរាមតែម្តង។ ជាក់ស្តែង តាមរយៈវីដេអូ គេក៏បានលឺបុរសម្នាក់ដែលសាច់ញាតិជនរងគ្រោះ និយាយថា ជនបង្កអាងមានកាំភ្លើង បានប្រើសម្តីមើលងាយតា និងអ៊ុំរបស់ខ្លួនទៀតផង ទើបបង្កឲ្យមានរឿងនេះឡើង។
ជនរងគ្រោះមានឈ្មោះ ហយ ហេន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅកន្លែងកើតហេតុ រងរបួសជើង។ ចំណែកជនបង្ក ដែលត្រូវបានចាប់ខ្លួនក្រោយកើតហេតុបើកឡានរត់គេច ឈ្មោះ ទាក់ ឌី អាយុ ៣០ ឆ្នាំ អ្នកលក់អចលនទ្រព្យ មានទីលំនៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តមួយគ្រឿងម៉ាកJeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-004។
ដោយឡែក បើតាមប្រភពពីអ្នកភូមិ ជាសាក្សីនៅកន្លែងកើតហេតុ ក៏បានឲ្យដឹងថា ជនបង្កឈ្មោះ ទាក់ ឌី តែងតែចេញចូលផឹកស៊ីនៅផ្ទះមួយកន្លែងក្បែរនោះ ហើយពេលស្រវឹងម្តងៗ តែងតែកាន់កាំភ្លើង ច្រងែងច្រងាងស្រែកឡូឡា គំរាមពលរដ្ឋក្នុងភូមិ ធ្វើឲ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ករណីនេះបានកើតឡើង ស្រាប់តែគេបញ្ចេញឲ្យដឹងថា ជនបង្កឈ្មោះ ទាក់ ឌី នេះ កាលពី២ឆ្នាំមុន ធ្លាប់ជាប់គុក ក្នុងករណីធ្វើឲ្យផ្ទុះអាវុធម៉ាកដដែល បណ្តាលឲ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗនៅក្នុងរថយន្ត ហើយរូបគេ និងបុរសម្នាក់ទៀតជាអ្នករួមដំណើរជាមួយ បានដឹកសពសង្សារចូលសារភាពនៅមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០។ ប៉ុន្តែ មិនដឹងថា ត្រូវជាប់គុកនៅកំពុងឆ្នាំង យ៉ាងម៉េច? ពោលគឺមិនបានប៉ុន្មានផង ស្រាប់តែឃើញនៅក្រៅឃុំ ដើរផឹកស៊ីអុកឡុក បង្កបញ្ហាតាមភូមិបែបនេះទៀត!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








