រដ្ឋធានីកៀវ៖ ការធ្វើសង្គ្រាមលុកលុយ ទៅលើប្រទេសជិតខាង តាមបញ្ជារបស់ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងរយៈពេល២៦១ថ្ងៃ គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា រុស្ស៊ី ហាក់បីដូចជាមិនទទួលបានលទ្ធផលល្អនោះឡើយ ហើយកម្លាំងទាហានរបស់ក្រុងមូស្គូ តែងតែបាក់ទ័ព រត់ចោលសមរភូមិជាញឹកញាប់ ហើយឥឡូវកំពុងតែដកថយ ចេញពីតំបន់ឃើរសុនបន្ថែមទៀត ទើបប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬអូតង់ អះអាង ថា ក្រុងមូស្គូ កំពុងតែស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងបំផុត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានថ្លែង ថា រុស្ស៊ី កំពុងតែស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន។ លោកសង្ឃឹម ថា ការដកទ័ពរបស់ក្រុងមូស្គូ ចេញពីទីក្រុងដ៏ធំ នៃតំបន់ឃើរសុន (Kherson) កំពុងតែបង្ហាញសញ្ញា ពីជ័យជម្នះ សម្រាប់រដ្ឋាភិបាលក្រុងកៀវ។
លោកប្រមុខអង្គការណាតូ បានបន្ថែម ថា ឥឡូវនេះ លោកកំពុងតែរង់ចាំមើល អំពីយុទ្ធសាស្រ្ដ នៃការដកកម្លាំងទាហានរុស្ស៊ី ចេញពីតំបន់ឃើរសុន។ ប៉ុន្ដែប្រសិនបើមានការប្រកាសជាក់លាក់ពិតប្រាកដដូច្នេះមែន វានឹងបង្ហាញពីជ័យជម្នះថ្មីមួយទៀត សម្រាប់ប្រទេសអ៊ុយក្រែន។

លោកប្រធានអង្គការណាតូ បានថ្លែង ក្រោយកិច្ចចរចាជាមួយនឹងលោកស្រី ហ្សកហ្ស៊ី ម៉ែឡូនី (Giorgia Meloni) នាយករដ្ឋមន្រ្ដីអ៊ីតាលី នៅក្នុងរដ្ឋធានីរូម ថា «យើងត្រូវតែរង់ចាំមើល អំពីស្ថានភាពវិវឌ្ឍន៍លើទ័ពថ្មើរជើង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែអ្វីកាន់តែច្បាស់នោះ ត្រង់ថា រុស្ស៊ី កំពុងតែស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់បំផុត។ ប្រសិនបើកម្លាំងទាហានរបស់ក្រុងមូស្គូ ពិតជាដកចេញពីតំបន់ឃើរសុន (Kherson) នោះមែន វានឹងក្លាយជាជ័យជម្នះមួយផ្សេងទៀត សម្រាប់អ៊ុយក្រែន»។

លោកស្រី ហ្សកហ្ស៊ី ម៉ែឡូនី (Giorgia Meloni) នាយករដ្ឋមន្រ្ដីអ៊ីតាលី បានធ្វើអត្ថាធិប្បាយ ដោយសង្កត់ធ្ងន់ៗ ថា លោកស្រី គាំទ្រយ៉ាងពេញទំហឹង ចំពោះសេរីភាព អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយមិនអាចមានប្រទេសណាមួយ ទៅរំលោភ ឬ បំពារបំពានបាននោះឡើយ។
ទីប្រឹក្សាមួយរូបរបស់លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា រុស្ស៊ី ចង់ប្រែក្លាយតំបន់ឃើរសុន ឲ្យទៅជាទីក្រុងមរណៈ ក្រោយពេលពួកគេដកកងទ័ពចេញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN








