ភ្នំពេញ ៖ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលលើកឡើងថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានេះ តើនឹងមានថ្នាក់ដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ចូលរួមដែរទេ, ហើយភាគីទាំងពីរអាចនឹងមានការជួបសន្ទនាដោះស្រាយបញ្ហាពាក់ព័ន្ធនានាដែរឬក៏អត់? លោក គង់ ភោគ អ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានាពេលនេះ ជាឱកាសល្អបំផុតដែលភាគីទាំងពីរអាចទាញយកប្រយោជន៍ពីការជួបសន្ទនារកគន្លឹះដោះស្រាយបញ្ហាកំពុងកើតមាន ពោលគឺ ភាគីទាំងពីរអាចឆ្លៀតមានការជជែកគ្នាជាទម្រង់ទ្វេភាគី, រឿងនេះ កម្ពុជាយើងបានត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល បើមានសំណើណាមួយ។

ការថ្លែងបែបនេះរបស់អ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងក្នុងសន្និសីទបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពេញមួយថ្ងៃ នាព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ, ដោយ លោក គង់ ភោគ ថ្លែងថា ជាធម្មតានៅពេលដែលមានកិច្ចប្រជុំជាអន្តរជាតិធំៗណាមួយ រាល់ភាគីដែលមានបញ្ហាប្រឈមផ្សេងៗតែងតែស្វែងរកឱកាសនេះស្កាត់ជួបគ្នាដើម្បីឆ្លៀតជជែកគ្នាបន្ធូរបន្ថយ សម្របសម្រួល និងឈានទៅដោះស្រាយបញ្ហា។
ស្ថានភាពនេះយើងមើលឃើញថា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានមកដល់ប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចុះលេខាលើលិខិតុបករណ៍ ចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។

ដោយឡែក បើតាមការគ្រោងទុកនៃកម្មវិធី លោក សឺហ្គៃយ៍ ឡាវរ៉ូ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៉ី ក៏នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ខណៈរុស្ស៉ី គឺជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន។
លោក គង់ ភោគ ថ្លែងជារបៀបបញ្ចេញយោបល់របស់លោកថា កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក៏អាចជាឱកាសល្អសម្រាប់ជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីការបរទេសរុស្ស៉ី និងអ៊ុយក្រែនផងដែរ ដើម្បីសន្ទនារកច្រកចេញពីភ្លើងសង្គ្រាមដែលកំពុងក្ដៅគគុកនៅអ៊ុយក្រែម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















