Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងកៀវ ចោទប្រកាន់មេបញ្ជាការសង្គ្រាមថ្មីរបស់ពូទីន កំពុងអនុវត្ដលទ្ធិភេរ.វកម្ម នៅអ៊ុយក្រែន

រដ្ឋធានីកៀវ៖ ក្រោយការវា.យប្រហារដោយមីស៊ីល និង តាមផ្លូវអាកាស ក៏ដូចជា ដ្រូនអត្ដឃាត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន នោះមក ក្រុងកៀវ បានចោទប្រកាន់ ដល់មេបញ្ជាការកំពូលរបស់រុស្ស៊ី ដែលមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ទើបនឹងតែងតាំង ឲ្យមកទទួលបន្ទុកលើសង្គ្រាម នៅក្នុងប្រទេសជិតខាង ថា កំពុងតែអនុវត្ដលទ្ធិភេរវកម្ម នៅក្នុងប្រទេសរបស់ខ្លួន ដោយការទម្លាក់គ្រាប់បែក មកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ នៅទូទាំងប្រទេស។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ថា លោក អូឡែកស៊ី រេស្នីកូវ (Oleksiy Reznikov) រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា កម្លាំងទាហារុស្ស៊ី ក្រោមបញ្ជារបស់លោកឧត្ដមសេនីយ៍ ស៊ើហ្គេ ស៊ូរ៉ូវីគីន (Sergey Surovikin) មេបញ្ជាការកំពូល ទទួលបន្ទុកសង្គ្រាម នៅអ៊ុយក្រែន ហាក់បីដូចជា ដាក់វិន័យកាន់តែច្រើនឡើង ចាប់តាំងពីគាត់ត្រូវបានតែងតាំង កាលពីថ្ងៃទី៨ ខែតុលា មក។

កម្លាំងទាហានរុស្ស៊ី បានបង្កើនរលកវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅពាសពេញប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រហូតមក។ សកម្មភាពរបស់ទាហានក្រុងមូស្គូ បានបង្ហាញ អំពីការវា.យប្រហារសងសឹក ទៅលើការបំផ្ទុះរថយន្ដ បំផ្លិចបំផ្លាញស្ពានគ្រីមៀ តភ្ជាប់ទីដីគោករបស់រុស្ស៊ី មកកាន់ឧបទ្វីបគ្រីមៀ (Crimea) ដែលបានរឹបអូស ពីប្រទេសអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។ មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានស្ដីបន្ទោស មកលើក្រុងកៀវ ជុំវិញការវាយប្រហារ ទៅលើស្ពានរបស់ខ្លួន។

នៅពេលមានការសាកសួរ ប្រសិនបើយុទ្ធសាស្រ្ដរបស់ក្រុងមូស្គូ បានផ្លាស់ប្ដូរ ក្រោមបញ្ជារបស់លោកឧត្ដមសេនីយ៍ Surovikin នោះ រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន លោក អូឡែកស៊ី រេស្នីកូវ (Oleksiy Reznikov) បានឆ្លើយ ថា «បាទ! គាត់បានធ្វើឲ្យមានការប្រែប្រួលស្ថានការណ៍ ព្រោះមេបញ្ជាការកំពូលរុស្ស៊ី រូបនេះ កំពុងតែអនុវត្ដយុទ្ធសាស្រ្ដភេរវកម្ម ប្រឆាំងនឹងជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយការប្រើប្រាស់មីស៊ីល គ្រាប់រ៉ុក្កែត និង ដ្រូន ជាពិសេស ដ្រូនអ៊ីរ៉ង់»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានបន្ថែមថា «កម្លាំងទាហានរុស្ស៊ី មិនបានបា.ញ់មីស៊ីល១គ្រាប់ ឬ២គ្រាប់ដូចមុននោះឡើយ។ ពួកគេបានបា.ញ់៤០គ្រាប់ ក្នុង១ថ្ងៃ ទើបឈប់ ហើយបន្ទាប់មក បា.ញ់បន្ដទៀត»។

លោកឧត្ដមសេនីយ៍ ស៊ើហ្គេ ស៊ូរ៉ូវីគីន (Sergey Surovikin) អាយុ៥៥ឆ្នាំ កើតនៅក្នុងតំបន់ណូវ៉ូស៊ីបឺស (Novosibirsk) តំបន់ស៊ីបេរី ត្រូវបានតែងតាំង ជាមេបញ្ជាការទទួលបន្ទុកសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ លោកឧត្ដមសេនីយ៍ ធ្លាប់ដឹកនាំកងទ័ពអាកាសស៊ីរី និង អវកាសរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៧មក។

មេទ័ពកំពូលរូបនេះ ធ្លាប់ចូលរួមប្រយុទ្ធ នៅក្នុងសង្រ្គាម ជាច្រើនកន្លែង ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ មក រួមមាន នៅក្នុងប្រទេសតាហ្ស៉ីគីស្ថាន និង តំបន់ឆេឆេន ព្រមទាំង នៅក្នុងប្រទេសស៊ីរី ជាកន្លែង ដែលគាត់បានរងនូវការចោទប្រកាន់ អំពីការប្រើប្រាស់យុទ្ធសាស្រ្ដយោធាដ៏ឃោរឃៅ និង ចម្រូងចម្រាស ដោយការទម្លាក់គ្រាប់បែកមុនរើសកន្លែង ដល់ទីតាំងដ៏រឹងមាំរបស់ក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) ប្រធានាធិបតីស៊ីរី។

បើតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹង ថា រហូតមកដល់ពេលនេះ លោកឧត្ដមសេនីយ៍ Surovikin បានដឹកនាំកម្លាំងទាហានរុស្ស៊ី នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ដោយឡែកការផ្លាស់ប្ដូរតំណែងមេទ័ពកំពូលនេះ បានធ្វើឡើង ក្រោយមានសេចក្ដីរាយការណ៍ ជុំវិញការបណ្ដេញចេញមេបញ្ជាការ ចំនួន២រូប ត្រឹមតែប៉ុន្មានថ្ងៃ មុនការតែងតែមេបញ្ជាការថ្មីរូបនេះ។

ការវាយលុករបស់កងទ័ពក្រុងកៀវ បានរុញច្រានកម្លាំងទាហានរុស្ស៊ី ឲ្យដកថយ នៅតាមកន្លែងជាច្រើនទៀត នៅទូទាំងតំបន់ភាគខាងត្បូង និង ភាគខាងកើត ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមក។ សកម្មភាពនេះ បានបន្ថែមដុំពពកខ្មៅ កាន់តែអាប់អួរឡើងបន្ថែមទៀត មកលើសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី។ ចំណែកក្ដីសង្ឃឹម អំពីជ័យជម្នះរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏កាន់តែរសាត់ឆ្ងាយទៅផងដែរ។

លោកឧត្ដមសេនីយ៍ Surovikin បានលេចមុខមាត់ ទទួលបានភាពល្បីល្បាញ ជាលើកដំបូង នៅក្នុងឋានន្ដរស័ក្ដិ ជាឧត្តមសេនីយ៍ ក្រោយពេលគាត់បានបញ្ជាឱ្យកងទ័ពរបស់គាត់ បាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០។ ចំណែកតួនាទីថ្មីរបស់គាត់ ពាក់ព័ន្ធនឹងការពង្រឹងឡើងវិញនូវការវាយលុករបស់រុស្សី ក្រោយការបាត់បង់កងទ័ព បរិក្ខារយោធា និង ទឹកដីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយរាប់បញ្ចូលជាមួយផ្នែកខ្លះ ដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពីចុងខែកញ្ញាកន្លងទៅនេះផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×